BREAKING NEWS
Search

លោក វង សូត ៖ ជាង២សប្តាហ៍នេះសាច់ប្រាក់របស់រាជរដ្ឋាភិបាលបានដល់ដៃជនងាយរងគ្រោះ៩០%

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រយៈពេល២សប្តាហ៍កន្លងមកថ្មីក្រោយពីប្រកាសដាក់ឱ្យអនុវត្កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលបានសម្រេចបានជាង៩០%ហើយ ដោយមានប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាង ២លាននាក់ ស្មើនឹង​៥០ម៉ឺន គ្រួសារបានទៅទទួលថវិកាពីរាជរដ្ឋាភិបាលរួចហើយគិតត្រឹតថ្ងៃទី១២ កក្កដាឆ្នាំ២០២០។ នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងក្នុងពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនដល់លោក ថែ ម៉ុង អាយុ៥៨ឆ្នាំ ពិការស្វិតអវយវៈមួយកំណាត់ខ្លួនចុះក្រោមពីកំណើត មានទីលំនៅក្នុងភូមិដឹកពរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពិធីនេះមានការអញ្ជើញចូលរួម លោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអភិបាលរងខេត្ត នាយកមូលនិធិជនពិការ ប្រធាន/អនុប្រធានមន្ទីរជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

លោករដ្ខមន្ត្រី វង សូតបានថ្លែងថាប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាង នៅសល់ប្រមាណ៦ម៉ឺន គ្រួសារទៀតកំពុងបន្តទៅទទួលសាច់ប្រាក់របស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់មូលនិធិជនពិការ ដែលបានព្យាយាមស្វែងរកថវិកាពីសប្បុរសជននានា យកមកសាងសង់ផ្ទះជូនជនពិការនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីថ្លែងបន្តថា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននិងកំពុងបើកផ្តល់ប្រាក់របបគោលនយោបាយប្រចាំខែ សម្រាប់ជនពិការជាអតីតយុទ្ធជនចំនួន១.១៩២នាក់ និងបានផ្តល់ជាប្រាក់របបគោលនយោបាយសម្រាប់ជនពិការក្រីក្រ តាមសហគមន៍បានចំនួន​២.០០៩នាក់ ឆ្នាំ២០១៩កន្លងមក។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះបានឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានកុមារអាយុចាប់ពី០ទៅ៥ឆ្នាំ មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ សមាជិកគ្រួសារដែលមានជំងឺអេដស៍ និងជាពិសេសជនពិការ ដែលងាយរងគ្រោះទាំងអស់ នឹងទទួលបានការឧបត្ថម្ភបន្ថែមទៅក្នុងគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ជាគោលការណ៍ទទួលបាន១២០,០០០៛/ខែ សម្រាប់នៅទីប្រជុំជន និងរាជធានីភ្នំពេញទទួលបាន​៨០,០០០៛/ខែ សម្រាប់នៅជនបទ។ ម្យ៉ាងវិញទៀត រយៈពេល២សប្តាហ៍កន្លងមក ក្រោយពីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលបានសម្រេចបានជាង៩០%ហើយ ដោយមានប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាង ២លាននាក់ ស្មើនឹង៥០ម៉ឺន គ្រួសារបានទៅទទួលថវិកាពីរាជរដ្ឋាភិបាលរួចហើយ នៅសល់ប្រមាណ៦ម៉ឺន គ្រួសារទៀតកំពុងបន្តទៅទទួល។

គួរបញ្ជាក់ផងដែរថា ផ្ទះមួយខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល ដែលជាថវិកាបានមកពីអំណោយសប្បុរសធម៌ ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលហិបនេះ បានដាក់នៅតាមវត្ដអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ​តែម្ដង៕

អត្ថបទ៖ វិមាន