BREAKING NEWS
Search

នាវាចម្បាំងអាមេរិកផ្ទុះឆេះនៅមូលដ្ឋានកងទ័ពជើងទឹក San Diego

មន្ត្រីយោធាបាននិយាយថា មនុស្សចំនួន២១នាក់បានរងរបួសស្រាលក្នុងការផ្ទុះនិងឆេះកាលពីថ្ងៃអាទិត្យនៅលើនាវាចម្បាំងមួយគ្រឿងនៅឯមូលដ្ឋានកងទ័ពជើងទឹក San Diego។

លោក Mike Raney អ្នកនាំពាក្យកងនាវាចរកងទ័ពជើងទឹកអាមេរិកបាននិយាយថា អគ្គិភ័យ​នេះត្រូវបានគេរាយការណ៍ភ្លាមៗនៅមុនម៉ោង៩ព្រឹកលើនាវា USS Bonhomme Richard។

លោក Raney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា នាវិក១៧នាក់និងជនស៊ីវិល៤​នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួសដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

មន្រ្តីបាននិយាយថា មនុស្សម្នាក់ត្រូវទទួលការព្យាបាលដោយសារការស្រូបផ្សែង។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃអគ្គិភ័យនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទីក្រុង San Diego គឺជាកំពង់ផែរបស់នាវា Bonhomme Richard ហើយវាកំពុងស្ថិតក្នុងប្រតិបត្តិ​ការថែទាំជាប្រចាំនៅពេលឆាបឆេះ។

លោក Raney បាននិយាយថា មាននាវិកនិងមន្រ្តីប្រហែល១៦០នាក់នៅលើនាវាពោលគឺតិច​ជាងពេលធម្មតាដែលមានមនុស្សរាប់ពាន់នាក់នៅលើនាវាខណៈពេលវាបំពេញកាតព្វកិច្ច។

នាវានេះមានសមត្ថភាពដាក់ពង្រាយនិងផ្ទុកឧទ្ធម្ភាគចក្រ ទូកតូចៗនិងយានផ្សេងៗ៕AP

ដោយ៖ វណ្ណវណ្ណ