BREAKING NEWS
Search

ស្រូវស្រែរាប់រយហិកតា នៅក្នុងភូមិចារ កំពុងខ្វះទឹក សុំ​អាជ្ញាធរ​ចុះ​ទៅ​ជួយ​ផង

កំពង់ឆ្នាំង៖ ស្រូវស្រែវស្សារាប់រយហិកតា នៅក្នុងភូមិចារ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងពេលនេះកំពុងប្រឈមការស្វិតងាប់ ដោយសារតែខ្វះខាតទឹកភ្លៀង និងទឹកសំរាប់បូមស្រោចស្រព ។ហេតុនេះហើយ ប្រជាកសិករម្ចាស់ស្រែ គោរពស្នើសុំលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្ត មេត្តាជួយសង្គ្រោះបូមទឹកដាក់ស្រែខាងលើនេះដោយអនុគ្រោះផងចុះ ។

ប្រកសិករម្ចាស់ស្រែនៅភូមិចារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា ដោយសារតែមិនសំបូរទឹកភ្លៀង និងទឹកទន្លេក៏មិនទាន់ឡើងផងនោះ មកដល់ពេលនេះទឹកតាមប្រឡាយក្នុងស្រែគោករីងអស់ហើយ ស្រូវស្រែវស្សារបស់ពួកគាត់ នៅក្នុងភូមិចារ រាប់រយហិកតា កំពុងប្រឈមនឹងការស្វឹតងាប់ ។ ដូចនេះ ពួគគាត់គ្មានអ្វើក្រៅពីសំណូមពរដល់លោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តមេត្តា ជួយបូមទឹកពីទន្លេឬពីបឹងធំ សង្គ្រោះស្រូវស្រែរបស់ប្រជាកសិករនៅចំណុចខាងលើនេះដោយក្តីអនុគ្រោះផង ។

ដោយឡែក លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានអោយដឹងថា ការពិតប្រឡាយខ្វាត់ខ្វែងនៅតាមវាលស្រែនៅចំនណុចខាងលើនេះ គេធ្វើឡើងសំរាប់ស្តុបទឹកទន្លេនៅរដូវវស្សា ហើយពេលទឹកទន្លេស្រកទៅវិញ ប្រជាកសិករធ្វើស្រែបណ្តេញទឹក គឺបានទឹកតាមប្រឡាយនេះបូមស្រោចស្រព ។ ដោយឡែកនៅក្នុងពេលនេះ ពេលទឹកទន្លេមិនទាន់ឡើងខ្ពស់ និងភ្លៀងក៏មិនសំបូរ ប្រជាពល រដ្ឋពិតជាជួបការលំបាក ព្រោះគ្មានប្រភពទឹកបឹង ឬទន្លេស្រោចស្រពនោះឡើយ មានតែធ្វើស្រែរង់ចាំទឹកភ្លៀងតែប៉ុណ្ណោះ ។

ទាក់ទងនឹងសំណូមពរខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែកក្កដា នេះ បានឲ្យដឹងថា រឿងនេះ នៅព្រឹកស្អែក ថ្ងៃទី១៣ ខែកក្កដា លោកនិងអោយមន្ត្រីកសិកម្មខេត្ត និងស្រុកចុះទៅពិនិត្យមើល បើមានប្រភពទឹកបូមស្រោចស្រពបាននោះ លោកនឹង​ទាក់ទងជាមួយលោកប្រធានមន្ទីរធនធានទឹកខេត្ត ដើម្បីដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវរបស់ពួកគាត់ ។

ដោយឡែក លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តវិញ ក៏បានអោយដឹងថា ក្នុងពេលនេះទឹកទន្លេមិនទាន់ឡើងចូលក្នុងបឹងធំទេ ដូច្នេះយើងគ្មានទឹកសំរាប់បូម​ជួយសង្ក្រោះបានឡើយ ។ តាមលោកដឹង កន្លងមកនៅចំណុចវាលចារនេះ ប្រជាកសិករយើងធ្វើតែស្រែប្រាំងបណ្តេញតាមទឹកទន្លេស្រកតែប៉ុណ្ណោះ ទើបមានទឹកស្រោចស្រពគ្រាប់គ្រាន់ ។ តែពេលនេះខាងមន្ទីរលោក ក៏មិនដឹងជាជួយយ៉ាងម៉េចបានដែរ តែស្រូវដែលខ្វះទឹកទាំងនោះ វាមិនងាប់ទេ គឺគ្រាន់តែវេទនា មួយរយះខ្លីប៉ុណ្ណោះពេលសំបូរទឹកភ្លៀង វានឹងល្អឡើងវិញហើយ ៕

កំពង់ឆ្នាំង ( ឈៀង ថារិទ្ធ )