BREAKING NEWS
Search

អ្នកជំនាញនិយាយថា វ៉ាក់សាំងការពារកូវីដដែលមានប្រសិទ្ធិភាព១០០ភាគរយទំនងជាមិនអាចផលិតមុនឆ្នាំ២០២១បានទេ

អ្នកជំនាញជនជាតិបារាំងបានព្រមានកាលពីថ្ងៃអាទិត្យថា មានឱកាសតិចតួចណាស់ក្នុងការផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលមានប្រសិទ្ធភាព១០០ភាគរយត្រឹមឆ្នាំ២០២១។ អ្នកជំនាញក៏បានព្រមានឲ្យប្រជាជនអនុវត្តវិធានការគម្លាតសង្គមកាន់តែខ្ជាប់ខ្ជួនផងដែរ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ BFMTV អ្នកវិទ្យាសាស្ត្រផ្នែករោគរាតត្បាតលោក Arnaud Fontanet ដែលជាសមាជិកនៃអ្នកវិទ្យាសាស្ត្រមួយក្រុមដែលផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីវិបត្តិនេះបាននិយាយថា “វ៉ាក់សាំងត្រូវចំណាយពេលច្រើនឆ្នាំក្នុងការអភិវឌ្ឍន៍”។

លោកបានបន្ថែមថា “ជាការពិត មានកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកក្នុងការបង្កើតវ៉ាក់សាំងមួយប៉ុន្តែខ្ញុំពិតជាមានការភ្ញាក់ផ្អើលប្រសិនបើយើងធ្វើឲ្យវាមានប្រសិទ្ធភាពនៅក្នុងឆ្នាំ២០២១”។ លោកបន្តថា យើងនៅឆ្ងាយណាស់ពីចុងបញ្ចប់នៃវិបត្តិនេះ។

លោកបាននិយាយថា នោះជាករណីដែលយើងត្រូវតែរស់នៅជាមួយវីរុសនេះ។ ហើយដោយ​សារវិធានការរឹតត្បិតនឹងបញ្ហានោះ មនុស្សត្រូវត្រឡប់ទៅរកទម្លាប់ប្រកបដោយអនាម័យវិញ។ សូមគោរពវិធានការគម្លាតរាងកាយ ការជួបជុំធំៗគឺជាការគំរាមកំហែងចម្បង។

លោក Fontanet បាននិយាយទៀតថា ហានិភ័យចម្បងសម្រាប់ការលេចឡើងនៃចង្កោមចម្លង​រោគថ្មីគឺស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំដូចជានៅលើនាវាកម្សាន្ត នាវាចម្បាំង សាលលេងកីឡា ក្លិបឌីស្កូ ទីសត្តឃាត កន្លែងស្នាក់នៅរបស់កម្មករចំណាកស្រុកនិងកន្លែងគោរពបូជាជាដើម។

កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋាភិបាលបារាំងបាននិយាយថា ខ្លួនកំពុងត្រៀមខ្លួនសម្រាប់រលកទី២នៃជំងឺកូវីដ១៩ប៉ុន្តែជាជាងការដាក់ចេញនូវវិធានការបិទប្រទេស ពួកគេនឹងប្រើវិធានការណ៍ដែលកំណត់គោលដៅជំនួសវិញដូចជាការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះឬការបិទអាជីវកម្មជាដើម៕ SCMP

ដោយ៖ វណ្ណវណ្ណ