BREAKING NEWS
Search

ស្វែងរក​ការ​ជួយ​សង្គ្រោះ បើ​ខ្លួន​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​មានគំនិត​ចង់​សម្លាប់​ខ្លួន​

​ការ​សម្លាប់​ខ្លួន គឺ​ការ​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​សម្លាប់​ខ្លួន​ជាង​មួយ​លាន​នាក់ ដែល​មានន័យថា រាល់ ៤០​វិនាទី​ម្តង មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​។ ដោយឡែក នៅ​ប្រទេស​កម្ពុជា​យើង របាយការណ៍​ដដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត ៨០០​នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយឆ្នាំៗ​។​

​ក​. ការ​យល់​ច្រឡំ និង​ការពិត​ស្ដីពី​ការ​សម្លាប់​ខ្លួន
​ការ​យល់​ច្រឡំ​៖ មានតែ​មនុស្ស​ឆោតល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួនឯង​។ ការពិត​ មនុស្ស​ភាគច្រើន ​ធ្លាប់​បាន​គិត​ពី​ការ​ចង់​សម្លាប់​ខ្លួនឯង នៅ​ពេល​ណាមួយ​ក្នុង​ជីវិត​នេះ​។ ការ​សម្លាប់​ខ្លួន និង​ការប៉ុនប៉ង​សម្លាប់​ខ្លួន ភាគច្រើន​កើតឡើង​ដោយមាន​គម្រោង​ទុកជាមុន​។

​ការ​យល់ច្រឡំ​៖ មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ម្តង​ហើយ នឹង​មិន​ព្យាយាម​សម្លាប់​ខ្លួន​ម្តង​ទៀត​ឡើយ​។ តែ​ការពិត​ មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ពីមុន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់​ខ្លួន​នៅ​លើក​ក្រោយ​ទៀត​។ សម្រាប់​បុគ្គល​ខ្លះ ការប៉ុនប៉ង​សម្លាប់​ខ្លួនឯង​នៅ​លើក​ទី​ពីរ ឬ​ទី​បី អាច​ងាយ​សម្រេច​ជាង​មុន​។

​ការយល់ច្រឡំ​៖ បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួនឯង​ទៅ​ហើយ គឺ​គ្មាន​នរណា​អាច​ជួយ​គាត់​បានទេ​។​
​ការពិត​៖ ភាគច្រើន ការ​សម្លាប់​ខ្លួន​កើតឡើង​ដោយ​មិនបាន​គិតពិចារណា​ច្បាស់លាស់​ឡើយ​។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន ចង់​គេច​ផុត​ពី​បញ្ហា ព្រោះ​គាត់​យល់ថា​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនោះ​តែឯង​។ តែ​ការ​ពិតទៅ មាន​មនុស្ស​ដែល​បារម្ភ​ពី​គាត់ នៅចាំ​ជួយ​គាត់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ និង​ជួយ​គាំទ្រ​គាត់​ក្នុង​អំឡុង​ដែល​មាន​ជំងឺ​ផ្លូវចិត្ត រហូតដល់​គាត់​អាច​ចេះ​គិត​បានច្បាស់លាស់​ឡើងវិញ​។

ការយល់ច្រឡំ​៖ ការ​និយាយ ឬ​សាកសួរ​អំពី​ការ​សម្លាប់​ខ្លួន​ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែម្ដង​។ ការពិត​៖ ជំងឺផ្លូវ​ចិត្ត និង​ទុក្ខ​ព្រួយ​ផ្សេងៗ​ប៉ះពាល់​ទៅលើ​ការគិត​របស់​ជនរងគ្រោះ ហើយ​ពេលខ្លះ​វា​ក៏​អាច​ជំរុញ​ឲ្យ​គាត់​គិត​ចង់​សម្លាប់​ខ្លួនឯង​ផងដែរ​។ ការនិ​យាយ​ដោយ​បើកចំហ និង​ការយកចិត្ត​ទុក​ដាក់​របស់​យើង ​ក្នុង​ការ​សាកសួរ​គាត់​ពី​ការ​ចង់​សម្លាប់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​គាត់​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំងនោះ​។ វា​ក៏​អាច​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​មិនសូវ​ឯកោ ព្រោះ​មាន​អ្នក​នៅចាំ​ជួយ​ស្តាប់​ពី​បញ្ហា​ក្នុង​ចិត្ត​របស់​គាត់ ហើយ​ជួយ​ដោះស្រាយ​ជាមួយ​គាត់​។

​ខ​. សារ​ស្ដីពី​ការ​សម្លាប់​ខ្លួន​
​ការ​និយាយ​ប្រាប់​អ្នកដទៃ​ពី​ការលំបាក​របស់​យើង និង​សុំ​រក​ការ​ជួយ​នៅ​ពេល​ដែល​អារម្មណ៍​នៃ​ការ​សម្លាប់​ខ្លួន​កំពុង​ញ៉ាំញ៉ើ​យើង គឺជា​ការចាំបាច់​ណាស់​។ ការ​និយាយ​ពី​ការ​សម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មានន័យថា​យើង​មាន​ភាព​រឹងមាំ ហ៊ាន​ប្រឈមមុខ​ជាមួយ​បញ្ហា ហើយ​ចង់​រក​ដំណោះស្រាយ​ដែល​ល្អ ជាជាង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួនឯង​។​

​ប្រសិនបើ​លោក លោកស្រី ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ មានគំនិត​ចង់​សម្លាប់​ខ្លួន សូម​អញ្ជើញ​មក​ឬ​បញ្ជូន​គាត់​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕
អត្ថបទ៖ ​រស្មី
សូមចុចអាន៖ ​នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត