BREAKING NEWS
Search

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ប្រជាពលរដ្ឋ កុំមានសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩ខ្លាំងពេក

ភ្នំពេញ៖លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩ខ្លាំងពេក ខណៈជំងឺនេះកំពុងមានការរាតត្បាតនៅប្រទេសកម្ពុជានៅឡើយនោះ។

ការប្រកាសអំពាវនាវរបស់អ្នកនាំពាក្យនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូលមកពីអារ៉ាប់។ បុរសទាំង ១៥នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន៧៩នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។ជើងហោះហើរនេះ មានអ្នកដំណើរសរុបទាំងអស់ចំនួន ៩៤នាក់ (ស្រី ៣នាក់ និង មានបុរសជនជាតិម៉ាឡេស៊ី ០១នាក់) ហើយក្នុងចំនួន ៩៤នាក់នេះ មាន ៨០នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបន្តថា «ការរកឃើញអ្នកជំងឺ១៥ករណីថ្មីនេះបានបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋយើងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាបន្តទៀតកុំមានសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩ ពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលធ្វើដំណើរត្រូវចេះប្រុងប្រយ័ត្ននិងអនុវត្តនូវវិធានការការពារដើម្បីចៀសផុតពីការចម្លងជំងឺនេះ»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថាបើទោះបីជានេះវាជាករណីនាំចូលក៏ដោយក៏យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅកម្ពុជាយើងផងដែរ។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ កម្លាំងនាំមុខមួកខៀវកម្ពុជា ៨០នាក់ ពុំមានរោគសញ្ញាជំងឺឆ្លងកូវីដ-១៩ (Covid-19) ទេ