BREAKING NEWS
Search

ស្លាប់ទាហាន ២ នាក់ក្នុងការប៉ះទង្គិចគ្នានៅព្រំដែនអាហ្ស៊េបៃហ្សង់-អាមេនី

ប្រទេសអាមេនី និងអាហ្ស៊េបៃហ្សង់បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបើកការវាយប្រហាររបស់យោធាដោយប្រើកាំភ្លើងធំនៅតាមព្រំដែនរួមគ្នារបស់ពួកគេកាលពីថ្ងៃអាទិត្យ ខណៈដែលទីក្រុង Baku រាយការណ៍ថា ទាហានពីរនាក់ត្រូវបានសម្លាប់ ។

ក្រសួងការពារជាតិអាហ្ស៊េបៃហ្សង់បាននិយាយថា “ការវាយប្រហាររបស់អាមេនីពីតំបន់ Tavush ភាគខាងជើងរបស់ខ្លួនត្រូវបានជួបប្រទះជាមួយការប្រយុទ្ធប្រឆាំង និងបានដកថយវិញ ខណៈដែលទាហានអាហ្ស៊េបៃហ្សង់ចំនួន ២ នាក់ត្រូវបានសម្លាប់ និង ៥ នាក់ទៀតបានរងរបួស” ។

នៅក្នុងផ្នែករបស់ខ្លួនទីក្រុង Yerevan បានចោទប្រកាន់ទីក្រុង Baku ពីបទប្រើប្រាស់កាំភ្លើងធំក្នុងការវាយប្រហារដែលមានគោលបំណងដើម្បីដណ្តើមយកទីតាំងប្រទេសអាមេនី ។

អ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសអាមេនីលោក Shushan Stepanyan បាននិយាយនៅក្នុងហ្វេសប៊ុកថា “ពួកគេត្រូវបានបណ្តេញចេញជាមួយនឹងការបាត់បង់កម្លាំងទ័ព ហើយមិនមានការស្លាប់ និងរងរបួសក្នុងចំណោមទ័ពអាមេនីនោះទេ” ។

យោងតាមលោក Stepanyan បានឲ្យដឹងថា ការប្រយុទ្ធបានចាប់ផ្តើមឡើងវិញនៅពេលយប់ដោយកងកម្លាំងអាហ្ស៊េបៃហ្សង់បានបាញ់ផ្លោងទៅលើទីតាំងអាមេនីពីលេណដ្ឋានកាំភ្លើងត្បាល់ និងរថក្រោះ ។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យបានផ្ទុះឡើង បន្ទាប់ពីប្រធានាធិបតីអាហ្ស៊េបៃហ្សង់លោក Ilham Aliyev បានលើកឡើងពីការធ្វើសង្គ្រាមថ្មីជាមួយអាមេនី និងបានបដិសេធការចរចាសន្តិភាពដែលជាប់គាំង ។

ទន្ទឹមនោះកាលពីថ្ងៃអង្គារលោក Aliyev បានគំរាមដកខ្លួនចេញពីការចរចារតំបន់ Karabakh ប្រសិនបើមិនទទួលបានលទ្ធផល ហើយលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ៕ AFP

ដោយ ៖ ជីវ័ន្ត