BREAKING NEWS
Search

​ខេត្តរតនគីរី​ ចាប់ផ្ដើមកែប្រែ​ហេដ្ឋារចនា​សម័្ពន្ឋ ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​

ភ្នំពេញ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​រតនគីរី​ បានរំពឹងថា នៅឆ្នាំ២០២៣ខាងមុខ ខេត្តរតនគីរី នឹងមានភ្ញៀវ​ទេសចរ ទៅ​លេងកម្សាន្ត​កាន់តែច្រើនជាងមុន ព្រោះ​រដ្ឋបាល​ខេត្ត​កំពុងខិត​ខំ​កែ​លម្អ​សោភណភាព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្ត​រតនគីរី​ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និង​ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគីរី នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះថា ខេត្តបានដាក់ចេញ​យុទ្ធសាស្ត្រ​ និង​ចក្ខុវិស័យ​ ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេងតំបន់​ទេសចរណ៍​នានា។

លោកថា ​បច្ចុប្បន្ន​ខេត្តកំពុង​កែ​លម្អ​សោភណភាព​ បរិស្ថាន និងការ​ស្ថាបនា​ផ្លូវទៅកាន់កន្លែង​កម្សាន្ត​ ដើម្បី​បង្ក​ភាពងាយស្រួលដល់ការធ្វើ​ដំណើរ​របស់​អ្នកទេសចរ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ រូបនេះ បានរំពឹងថា នៅឆ្នាំ២០២៣ខាងមុខ ខេត្តរតនគីរី អាចទទួលបានភ្ញៀវទេសចរ​ខ្ទង់៣០ម៉ឺននាក់ ខណៈឆ្នាំកន្លងទៅ ទទួលបានភ្ញៀវទៅ​កម្សាន្ត​បានជាង២៣ម៉ឺននាក់ប៉ុណ្ណោះ។

លោក យិន ចំណាន ស្នងការនគរបាល ខេត្តរតនគីរី បានថ្លែងថា ស្នងការដ្ឋាននគរបាលខេត្ត តែងដាក់ផែន​ការជាប្រចាំ ដើម្បីថែរក្សា​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់សាធារណៈ ។ លោកថា បទល្មើសបានថយចុះ ខណៈករណីកើតឡើងកន្លងមក ត្រូវបានសមត្ថកិច្ចបំបែក​ ហើយជនល្មើសត្រូវបានចាត់វិធានការតាមច្បាប់​​។

ខេត្ត​ភាគ​ឦសាន​មួយនេះ ​​មាន​ចម្ងាយ​ផ្លូវ​៥៨៨​គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ និង​មាន​តំបន់​ទេសចរណ៍​ចំនួន​១៤​កន្លែង ​ដូចជា បឹង​យក្ស​ឡោម ទឹកជ្រោះ​កាចា​ញ ភ្នំ​ឥស្សី​ប​តមៈ ​ ទឹកជ្រោះ​ចា​អ៊ុង វាល​ថ្ម​រំ​ប្លង់ ស្ថិតក្នុង​ស្រុក​អូរ​ជុំ ទឹកជ្រោះ​កា​ទៀង ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ទឹក​ជួរ​តាត​តៃ បឹង​លំ​កុ​ដ យក្ស​ឱម យក្ស​កា​រ៉ា ជម្រក​សត្វព្រៃ ស្ថិតក្នុង​ស្រុក​លំផាត់ ឧទ្យាន​ជាតិ​វីរ​ជ័យ ស្ថិតក្នុង​ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ ទឹក​ជួរ​ទឹង ស្ថិតក្នុង​ស្រុក​តា​វែង កោះ​សំពៅ ស្ថិតក្នុង​ស្រុក​កូន​មុំ​​៕

ចុចអាន ៖ ប្រាក់ចំណូលពលរដ្ឋនៅខេត្តរតនគីរី ក្នុងម្នាក់គិតជាមធ្យមជាង១២០០ដុល្លារអាមេរិក