BREAKING NEWS
Search

ឃាត់ខ្លួន​មុខសញ្ញា​វ៉ៃ​ប្លន់​យក​ម៉ូតូ​បាន​៣​នាក់​ នៅ​៤​នាក់​ទៀត​កំពុង​តាម​ចាប់​បន្ត​

​ភ្នំពេញ​ ៖ ​មុខសញ្ញា​ប្លន់​យក​ម៉ូតូ​ចំនួន​៣​នាក់​ ក្នុងចំណោម​គ្នា​០៧​នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ដូនពេញ​បង្ក្រាប​ជាក់ស្តែង ​ក្រោយពី​ធ្វើ​សកម្មភាព​វ៉ៃ​បំបែក​ក្បាល​ជនរងគ្រោះ​ប្លន់​ យក​ម៉ូតូ​១​គ្រឿង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការស្រាវជ្រាវ​ឈាន​ដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រព្រឹត្ត​អំពើ​ហិង្សា ( វាយ​យក​ម៉ូតូ )​នោះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ​ឆ្នាំ​២០២០ វេលា​ម៉ោង​០៤​និង​១០​នាទី ព្រលឹម​ស្ថិតនៅ​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ ភូមិ​០២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៨​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បាន​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់​។

សមត្ថកិច្ច​បាន​បន្ត​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​បំភ្លឺ​ពី​ជនរងគ្រោះ កសាង​សាក្សី នឹង​បើក​ការស្រាវជ្រាវ​ឈាន​ដល់​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ត​សកម្មភាព ព្រមទាំង​ទីតាំង​លាក់ខ្លួន​ ដែល​ស្ថិតនៅ​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​ក៏បាន​ពន្លោត​រង្វង់​កិច្ចប្រតិបត្តិការ​ ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​បន្ត​ច្បាម​រហូតដល់​វេលា​ម៉ោង​១៣​និង​៣០​ថ្ងៃ​ដដែល​ ដែល​កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេន ចាន់​ធា ហៅ​ចាន់​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ និង​ទីលំនៅ ផ្ទះ​ជួល​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ក្រោយ​វិធាន​ការ​ជំនាញ​សួរ​យក​ចម្លើយ​ជនសង្ស័យ​ បាន​សារ​ភាព​ថា ខ្លួន​មាន​បក្ខពួក​ចំនួន​០៧​នាក់​ទៀត​ ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​នឹង​ផ្សំគំនិត សមត្ថកិច្ច​ក៏បាន​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ឈាន​ដល់​បង្ក្រាប​នឹង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​បន្ថែម​ទៀត​ នៅ​វេលា​ម៉ោង​២១​និង​៣០​ចំណុច​បន្ទប់​ជួល សង្កាត់​ភ្នំពេញ​ថ្មី រួមមាន៖ ទី​១.ឈ្មោះ ជ័យ សំ​អូន ហៅ​ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ (​ជា​អ្នក​យក​ម៉ូតូ​ជនរងគ្រោះ​លាក់​ទុក​) ​ទី​២. ឈ្មោះ ឃិន សុធា ហៅ​វែង​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​(​ជា​អ្នក​បើក​ម៉ូតូ​ជនរងគ្រោះ​ចេញទៅ​)​ព្រមទាំង​បាន​ដកហូត​ម៉ូតូ​ជនរងគ្រោះ​បាន​មកវិញ​ផង​ដែរ ប៉ុន្តែ​ស្លាក​លេខ​ម៉ូតូ​ ត្រូវ​បាន​ជនសង្ស័យ​កាច់​បោះចោល​បាត់​។ ​ចំណែក​ជនរងគ្រោះ​ ទី​១. ឈ្មោះ អៀន សំអាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​១ (​បាត់​ម៉ូតូ​០១​គ្រឿង​) និង​ទី​២. ឈ្មោះ អឿន សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង​សង្កាត់​ទួល​សង្កែ​១(​របួស​ក្បាល​ធ្ងន់ធ្ងរ​)​។​

ចំពោះ​មុខ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​សេសសល់​ចំនួន​៥​នាក់​ទៀត​ ដែល​កំពុង​គេចខ្លួន និង​កសាង​សំណុំរឿង​ចំពោះ​ជនសង្ស័យ​ ដែល​បង្ក្រាប​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕
អត្ថបទ៖ ​រស្មី
សូមចុចអាន៖ ​រថយន្ត​ផ្ទុក​អេតចាយ ​ផ្ទុះ​ឆេះ ​រអិល​ចេញពី​ចំណត​ក្នុង​ឃ្លាំង ​មក​ផ្លូវ បង្ក​ការ​ភ័យខ្លាច​ទាំង​កណ្ដាល​​អធ្រាត្រ​