BREAKING NEWS
Search

ដើរមក​ដល់ ​ឃើញ​គេ​ទុក​កូនសោ​ជាប់​ម៉ូតូ​ ក៏​ឡើង​ជិះ​ប្រុង​គេចខ្លួន​ ត្រូវ​ជាប់អន្ទាក់​​សមត្ថកិច្ច​

ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ ខណៈ​ដើរមក​ដល់​ឃើញ​ម៉ូតូ​របស់​គេ​ជាប់​កូនសោ​ជាមួយ​ ក៏​ទៅ​លួច​ជិះ​ប្រុង​គេច​ខ្លួន ​តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ ​ពេលនោះ បាន​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ល្បាត​ជួយ​ដេញ​ចាប់​ឃាត់​ជនសង្ស័យ​រូប​នោះ​បាន​ភ្លាមៗ​តែម្ដង​។​

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ ដែល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្តភ្នំ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​ជនសង្ស័យ​ចំនួន​០១​នាក់​ ពីបទ​លួច​ម៉ូតូ នៅ​ចំណុច​ផ្លូវ​លេខ​១៣(​ខាង​កើត​ផ្សារ​ចាស់​)​ភូមិ​ទី​០៥ ​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ​ ឈ្មោះ មាស ប្រុស​ពៅ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​បើក​រថយន្ត​ដឹក​ទឹកកក​ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវ​រថភ្លើង​ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)។ ​ទី​២.​ឈ្មោះ ម៉ៅ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​មិន​ស្គាល់​(​គេចខ្លួន​)​។ ​ទី​៣.​ឈ្មោះ មិន​ស្គាល់ ភេទ​ស្រី ​អាយុ​ប្រហែល​២៦​ឆ្នាំ​(​គេចខ្លួន​)​។ ចំណែក​វត្ថុតាង​ចាប់​យក​មាន ម៉ូតូ​០១​គ្រឿង ​ម៉ាក​Honda sroopyi ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៤ ស្លាកលេខ​1CX.3631 (​ជា​របស់​ជនរងគ្រោះ​)​។​ រីឯ​ជនរងគ្រោះ ឈ្មោះ សុខ ពេជ្រ​ចិន្ដា ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ផ្លូវ​ក្របៅ ​ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ​ស្រុក​តាខ្មៅ​ ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ មុនពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ ជនរងគ្រោះ​បាន​ចេញពី​ផ្ទះ​នៅ​ភូមិ​ព្រែក​រាំង​សង្កាត់​កំពង់​សំណាញ់ ​ស្រុក​តាខ្មៅ​ ខេត្ត​កណ្តាល​ មក​ផ្ទះ​បងប្រុស​នៅ​ម្តុំ​ស្ពាន​បេឡេ​(​ខាងលិច​)​ខណ្ឌ​ឫស្សីកែវ។​ បន្ទាប់មក ​ក៏​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បង​ មក​លក់​មឹក​អាំង ​រួច​ក៏បាន​ឈប់​ម៉ូតូ​នៅ​ខាង​កើត​ផ្សារ​ចាស់ ​ផ្លូវ​លេខ​១៣​ ភូមិ​០៥​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ។ ​រួចហើយ​ បានរៀបចំ​លក់​មឹក​អាំង ​លុះ​រហូតដល់​ថ្ងៃទី​១៣​កក្កដា វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត្រ​ ក៏​រៀប​អីវ៉ាន់​បោស​សំរាម​ប្រមូល​ដាក់​ថង់។​ ក្នុងនោះ ក៏​យក​កូនសោ​ចាក់​ទុក​ជាប់​នឹង​ម៉ូតូ​ ដើម្បី​ជិះ​យក​សំរាម​ទៅ​ចោល​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​មាស ប្រុស​ពៅ បាន​ដើរ​មក​ក្បែរ​ម៉ូតូ ​ហើយ​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន។ ​ភ្លាមនោះ ​ជនរងគ្រោះ​ បាន​ឃើញ​ ក៏​ស្រែក​ឆោឡោ​ថា ​ចោរ​ៗ​ ពេលនោះ ​កម្លាំង​ល្បាត​ ក៏​ជួយ​អន្តរាគមន៍​ចាប់​បាន​ជនសង្ស័យ​នាំ​​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្តភ្នំ​ ដើម្បី​ធ្វើការ​សាក​សួរ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ឈ្មោះ​មាស ប្រុស​ពៅ​ ភេទ​ប្រុស ​ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅតាម​​​នីតិវិធី​ច្បាប់​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ ឡាន​បុក​រូបសំណាក​នាគ​ស្ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រែក​ជ្រៃ ខូច​រាប់​ខែ​ហើយ តើ​ពេលណា​ធ្វើការ​ជួសជុល​កែលំអ​?



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114