BREAKING NEWS
Search

ចក្រភពអង់គ្លេសមានបុគ្គលិកសុខាភិបាលស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក

យោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ចក្រភពអង់គ្លេសស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានអ្នកធ្វើការផ្នែកថែទាំសុខភាពនិងសង្គមស្លាប់ខ្ពស់បំផុតក្នុងអំឡុងពេលមានវិបត្តិវីរុសកូរ៉ូណា។

អង្គការសិទ្ធិមនុស្សមួយនេះបាននិយាយថា មានបុគ្គលិកជួរមុខយ៉ាងតិច៥៤០នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសនេះនៅប្រទេសអង់គ្លេសនិងវែលស៍ដោយឈរនៅលំដាប់ទី២បន្ទាប់ពីប្រទេសរុស្ស៊ីដែលបានកត់ត្រាអ្នកស្លាប់ចំនួន៥៤៥នាក់។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (ONS) បានបង្ហាញថា អ្នកស្លាប់ចំនួន២៦៨នាក់ដែលពាក់ព័ន្ធ​នឹងជំងឺកូវីដ១៩ក្នុងចំណោមបុគ្គលិកថែទាំសង្គមត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេសនិងវែលស៍ចន្លោះថ្ងៃទី៩ខែមីនាដល់ថ្ងៃទី២៥ខែឧសភា។

ក្នុងរយៈពេលដូចគ្នានេះ ONS បានរាយការណ៍ថា អ្នកស្លាប់ចំនួន២៧២នាក់ដែលពាក់ព័ន្ធនឹង​វីរុសនេះត្រូវបានចុះបញ្ជីក្នុងចំណោមបុគ្គលិកសុខាភិបាលរួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិ​កា ឆ្មប ជំនួយការគិលានុបដ្ឋាយិកា គ្រូពេទ្យ បុគ្គលិករថយន្តសង្គ្រោះនិងអ្នកយាមមន្ទីរពេទ្យ។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ខ្លួនបានវិភាគទិន្នន័យជាច្រើនដែលបានរកឃើញថា បុគ្គលិកសុខាភិបាលជាង៣,០០០នាក់បានស្លាប់បន្ទាប់ពីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រ​ទេសចំនួន៧៩។

របាយការណ៍នេះបានបន្ថែមទៀតថា តួលេខនេះទំនងជាការប៉ាន់ស្មានមិនច្បាស់ដោយសារ​តែរបាយការណ៍មិនគ្រប់គ្រាន់។ អង្គការនេះបានកត់សម្គាល់ថា ចក្រភពអង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលមានការបែងចែករវាងការស្លាប់របស់បុគ្គលិក​ថែទាំសង្គមនិងបុគ្គលិកសុខាភិបាល។

ទីភ្នាក់ងារព័ត៌មាន PA បានបញ្ជាក់ពីឈ្មោះបុគ្គលិកថែទាំសុខភាពនិងសង្គមចំនួន១៩៥នាក់​ដែលបានស្លាប់បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ចាប់តាំងពីការផ្ទុះជំងឺនេះ។

ទន្ទឹមនឹងនេះដែរ អ្នកផ្តល់សេវាថែទាំសង្គមបានលើកឡើងពីក្តីព្រួយបារម្ភអំពីឧបករណ៍មិនគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយវិបត្តិនេះក៏ដូចជាកង្វះការធ្វើតេស្តសម្រាប់បុគ្គលិកនិងប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាតផងដែរ៕ Daily Mail

ដោយ៖ វណ្ណវណ្ណ