BREAKING NEWS
Search

ពិធីបុណ្យសពរបស់អភិបាលក្រុងសេអ៊ូលធ្វើឡើងថ្វីបើមានការជំទាស់

ពិធីបុណ្យសពអភិបាលក្រុងសេអ៊ូលលោក Park Won-soon ដែលបានបញ្ចប់ជីវិតខ្លួនឯងបន្ទា​ប់ពីរងការចោទប្រកាន់យាយីផ្លូវភេទត្រូវបានធ្វើឡើងនៅថ្ងៃចន្ទទី១៣ខែកក្កដានេះថ្វីបើមានការដាក់ញត្តិប្រឆាំងនឹងពិធីនេះជាមួយការចុះហត្ថលេខាដោយមនុស្សកន្លះលាននាក់ក៏ដោយ។

ក្នុងនាមជាអតីតមេធាវីការពារសិទ្ធិមនុស្ស លោក Park គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅ​ក្នុងគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនិងបានកាន់កាប់រដ្ឋធានីដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

គាត់ត្រូវបានគេរកឃើញស្លាប់នៅលើភ្នំកាលពីថ្ងៃសុក្រពោលគឺមួយថ្ងៃបន្ទាប់ពីអតីតលេខារបស់គាត់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសពាក់ព័ន្ធការយាយីផ្លូវភេទ។

ទោះបីជាមានភាពចម្រូងចម្រាសលើមរណភាពរបស់គាត់ក៏ដោយ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានរៀបចំពិធីបុណ្យសពរយៈពេល៥ថ្ងៃសម្រាប់លោក Park, ២ថ្ងៃយូរជាងពិធីធម្មតារបស់កូរ៉េ​ហើយបានបង្កើតស្តូបអនុស្សាវរីយ៍មួយនៅខាងក្រៅសាលាក្រុង។

មនុស្សជាង២ម៉ឺននាក់បានមកចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងអំឡុងពេលនៃការកាន់ទុក្ខនេះ។

ប៉ុន្តែញត្តិតាមអនឡាញមួយនៅលើគេហទំព័រប្រធានាធិបតីប្រឆាំងនឹងពិធីនេះបានប្រមូលហត្ថលេខាពីមនុស្សជាង៥សែននាក់។

ញត្តិនេះបានចោទសួរថា “តើសាធារណជនត្រូវតែមើលពិធីបុណ្យសពរយៈពេល៥ថ្ងៃរបស់អ្ន​កនយោបាយដ៏មានឥទ្ធិពលម្នាក់ដែលបានបញ្ចប់ជីវិតខ្លួនឯងដោយសារតែការចោទប្រកាន់​យាយីផ្លូវភេទឬ?”។ ញត្តិនេះបានបន្ថែមថា “តើគេចង់ផ្ញើសារអ្វី?”។

មកទល់ពេលនេះ លោក Park គឺជាអ្នកនយោបាយល្បីឈ្មោះជាងគេដែលជាប់ទាក់ទងនឹងក​រណីយាយីផ្លូវភេទនៅកូរ៉េខាងត្បួងបន្ទាប់ពីចលនា #MeToo បានពង្រីកឥទ្ធិពលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕ CNA

ដោយ៖ វណ្ណវណ្ណ