BREAKING NEWS
Search

កូនឈើ​ជាង​៥​ពាន់​ដើម​ ត្រូវ​បាន​ដាំ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ ក្នុងស្រុក​ក្រឡាញ់​

សៀម​រា​ប ៖ កូនឈើ ក្ងោក លឿង​រាជ ឥន្ទនេល រាំង និង​ឈើទាល ចំនួន​៥​ពាន់​៥០០​ដើម ទទួល​បាន​ការ​ជួយឧបត្ថម្ភ​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រឡាញ់ ត្រូវ​បាន​រដ្ឋបាល​ស្រុក​ក្រឡាញ់​រៀបចំ​ដាំ តាម​ដង​ផ្លូវ​ចំនួន​៤​គោលដៅ​សំខាន់ៗ​ក្នុងស្រុក សរុប​ប្រវែង​ផ្លូវ​ទាំងអស់​ជាង​២០​គ​.​ម តាមរយៈ​ការ​បើក​យុទ្ធនាការ ដាំ​ដើម​ឈើ​ចំនួន​៥៥០០​ដើម ក្រោម​ប្រធានបទ ក្រឡាញ់​ស្រុក​ខ្ញុំ​ពណ៌​បៃតង។

​ពិធី​ដាំ​កូនឈើ​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០២០ ក្រោម​ការចូលរួម​ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក មន្ត្រី​រដ្ឋបាល​សាលាស្រុក អាជ្ញាធរ​ភូមិ​ឃុំ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស សហភាព​យុវជន​កម្ពុជា​ស្រុក យុវជន​កាកបាទក្រហម​យុវជន​កាយរឹទ្ធិ និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ចំនួន​១២០០​នាក់ បាន​ចូលរួម​ដាំ​។​

​លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់​មានប្រសាសន៍ថា​៖ យុទ្ធនាការ​ដាំ​កូនឈើ​នេះ ជា​យុទ្ធនា​ការ​លើក​ដំបូង អាច​និយាយ​បាន​ថា​ ជា​ដំណាក់កាល​ទី​១​ ដែល​រដ្ឋបាល​ស្រុក​បាន​រៀបចំឡើង​ ដើម្បី​ដាំ​ឈើ​នៅ​តាម​ដង​ផ្លូវ​ចំនួន​៤​ខ្សែ​និង​ដាំ​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ស្រ​ណា​ល​ និង​ឃុំ​សំបួរ​ផង​ដែរ​។ ​សម្រាប់​ដំណាក់កាល​ទី​២​ នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ ដែល​នឹង​ដាំ​តាម​ព្រំប្រទល់​ជុំវិញ​ស្រុក និង​ដំណាក់កាល​ទី​៣​នឹង​រៀបចំ​នៅ​ឆ្នាំ​២០២២​ ដែល​នឹង​ដាំ​តាម​ដង​ផ្លូវ ​ក្នុង​ឃុំ​ទាំង​១០​ព្រមទាំង​ព្រៃ​លិច​ទឹក​នៃ​ស្រុក​ក្រឡាញ់​ផង​ដែរ​។​ លោកស្រី អភិបាលស្រុកបន្ត​ទៀត​ថា​ ព្រៃឈើ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស។ ​ដើមឈើ​និង ព្រៃឈើ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​បំផុត និង ជា​អាយុជីវិត​មនុស្ស និង​សត្វ និង បាន​ផ្តល់​នូវ​ពហុ​ប្រយោជន៍ មិន​អាច​ប៉ាន់ប្រមាណ​បាន​ដល់​មនុស្សជាតិ មានតម្លៃ​ខាង​សេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេស​ជួយ​រក្សា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង ធ្វើ​ឲ្យ​ធាតុ​អាកាស​មានភាព​កាន់តែ​ល្អ​ប្រសើរ និង រក្សា​និយ័ត​ភាព​ប្រភព​ទឹក​ការពារ​ទី​ជម្រាល និង ជីវចម្រុះ សំខាន់​ទៀត​នោះ​ ព្រៃឈើ​មានការ​ទំនាក់ទំនង​ច្រើន​ទៅ​នឹង​វិស័យ​កសិកម្ម។

លោកស្រី ម៉ន​នី រង្សី បាន​ជំរុញ​និង​ណែនាំ​ដល់ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ចូលរួម​ថែទាំ​កូន ឈើ​ដែល​បាន​ដាំ​ហើយ ព្រមទាំង​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុងស្រុក​ក្រឡាញ់ ទាំងអស់​ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ចូលរួម​សហការ​យ៉ាងសកម្ម​និង​ដោយ​ពេញចិត្ត​នូវ​យុទ្ធនាការ​ដាំ​កូនឈើ​នា​ពេល​នេះ ហើយ​តាមរយៈ​យុទ្ធនាការ​ដាំ​កូនឈើ​នេះ​ដែរ អាជ្ញាធរ​ស្រុក​សង្ឃឹមថា នៅ​បួន​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត តាម​ដង​ផ្លូវ​នៃ​ស្រុក​ក្រឡាញ់​ពេញ​ទៅ​ដោយ​ដើម​ឈើ នឹង​ទទួល​បាន​ពណ៌​បៃតង​ស្រស់ ដែល​គេ​ហៅថា​រុក្ខវិថី អម​ទៅ​ដោយ​រុក្ខជាតិ​ចម្រុះ​ពណ៌៕
អត្ថបទ៖ គឿន​វេត
សូមចុចអាន៖ ​ខេត្តរតនគីរី​ ចាប់ផ្ដើមកែប្រែ​ហេដ្ឋារចនា​សម័្ពន្ឋ ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​