BREAKING NEWS
Search

ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ រលក​ទី​២​ នៃ​ជំងឺ​​កូ​វីដ-១៩​ អាច​នឹង​ផ្ទុះឡើង​គ្រប់​ពេល​ ប្រសិន​យើង​ភ្លេច​ត្រចៀក

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​ថា រលក​ទី​២ ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ អាច​នឹង​ផ្ទុះឡើង​គ្រប់​ពេល ​ប្រសិន​យើង​ភ្លេចត្រចៀក មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល​នោះ។

នេះ​ជា​ការ​ដាស់តឿន ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​រលក​ទី​២ ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ព្រោះ​ប្រទេស​ជាង​២០០​លើ​ពិភពលោក​កំពុង​ត្រូវ​បាន​វាយលុក​យ៉ាង​ធ្ងន់ធ្ងរ​ នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ពី​សំណាក់ ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្នុង​ពេល​ប្រជុំ​ប្រចាំ​សប្ដាហ៍​ថ្មីៗ​នេះ​។​

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជា​ការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្លែង​បន្ត​ថា រលក​ទី​២ ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-​១៩​នេះ ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់​ ហើយ​ឆ្លង​ជាង​១០​លាន​នាក់​ទៅហើយ ​លើ​ពិភពលោក ​ខណៈ​ដែល​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​សុទ្ធតែ​មកពី​ក្រៅ​ប្រទេស​ជាង​១០០​នាក់ ​ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​។​

លោក​ឧត្ដមសេនីយ៍​ឯក បាន​បន្ត​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ អនុវត្ត​នូវ​គម្លាត​ពី​គ្នា​គ្រប់​ពេល​និង​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ ​នាំមក​នូវ​សុខភាព​មាំមួន ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ក្រៅពី​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ​។

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​ថ្លែង​បន្ត​ថា គ្រប់​ទីបញ្ជាការ​អាវុធហត្ថ​ទាំងអស់​ ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ ដោយ​ពិនិត្យ​កម្ដៅ លាង​ដៃ​នឹង​សាប៊ូ និង​អាល់កុល ពាក់​ម៉ាស់​ជាប្រចាំ​ ហើយ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ដូចជា​ យានជំនិះ​គ្រប់​ប្រភេទ​ ដោយ​បាញ់សម្លាប់​មេរោគ​ដែល​មន្ត្រី​អាវុធហត្ថ​ស្រាវជ្រាវ រក​ឃើញ​បង្កើត​ដោយ​ខ្លួនឯង​រាប់ពាន់​គ្រឿង​នោះ​តែម្ដង​។

ក្រៅពី​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លង​ផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ។ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ក្នុង​ទឹក​ចិត្ត​ស្មោះត្រង់​បំផុត​ ដោយ​មិន​គិត​ថ្ងៃ​យប់​ សំខាន់​រក្សា​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេល​៕

អត្ថបទ ៖ វិមាន​

សូមចុចអាន ៖ ប្រធានគណបក្សប្រជាជនខេត្តកំពត ជំរុញដល់មន្ត្រីបក្សខិតខំដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114