BREAKING NEWS
Search

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសចិនបណ្តាលឲ្យមនុស្ស១៤១នាក់ស្លាប់និងបាត់ខ្លួនចាប់តាំងពីខែមិថុនាមក

នៅឆ្នាំនេះ តំបន់ជាប់ដងទន្លេ Yangtze បានជួបប្រទះកម្រិតភ្លៀងធ្លាក់ខ្ពស់បំផុតទី២របស់ខ្លួន​ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះខណៈទឹកជំនន់កំពុងវាយប្រហារតំបន់ភាគច្រើននៃប្រទេសចិន។

ផ្ទះប្រមាណ២៨,០០០ខ្នងត្រូវបានបំផ្លាញហើយមនុស្សចំនួន១៤១នាក់បានស្លាប់ឬកំពុងបាត់ខ្លួនដោយសារទឹកជំនន់ចាប់តាំងពីខែមុនមក។

ស្ទើរតែទាំងអស់នៃប្រទេសចិនដីគោកត្រូវរងផលប៉ះពាល់ប៉ុន្តែមិនរាប់បញ្ចូលតំបន់ប៉ែកខាងលិចដាច់ស្រយ៉ាលដូចជា ទីបេ និង ស៊ីនជាំង ទេ។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងគ្រប់​គ្រងគ្រោះអាសន្នលោក Zheng Guoguang។

លោក Zheng បាននិយាយប្រាប់អ្នកយកព័ត៌មានថា Yangtze ដែលជាទន្លេវែងជាងគេនៅអា​ស៊ីនិងផ្នែកខ្លះនៃដៃទន្លេបានទទួលទឹកភ្លៀងក្នុងកម្រិតខ្ពស់បំផុតទី២ចាប់តាំងពីឆ្នាំ១៩៦១មកក្នុងរយៈពេល៦ខែកន្លងមកនេះ។

ការខូចខាតត្រូវបានគេប៉ាន់ប្រមាណគិតជាទឹកប្រាក់អស់រាប់រយលានដុល្លារដែលនេះបាន​បន្ថែមជាសម្ពាធលើវិស័យសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំងរួចទៅហើយដោយសារវីរុសកូរ៉ូណា។

ខេត្ត Hubei កំពុងស្ថិតនៅក្រោមការគំរាមកំហែងធ្ងន់ធ្ងរបំផុត។

ទឹកជំនន់បានជន់លិចទីប្រជុំជននានានៅទូទាំងភាគខាងត្បូងនិងភាគកណ្តាលប្រទេសចិន។ ទឹកជំនន់នៅទន្លេចំនួន៤៣៣បានឡើងហួសកម្រិតប្រកាសអាសន្នហើយទឹកទន្លេចំនួន៣៣​បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រា៕ AFP

ដោយ៖ វណ្ណវណ្ណ