BREAKING NEWS
Search

ជប៉ុននិងអាមេរិកពិភាក្សាគ្នាអំពីការផ្ទុះជំងឺកូវីដក្នុងមូលដ្ឋានយោធាអាមេរិក

មន្ត្រីជាន់ខ្ពស់ជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកកំពុងចែករំលែកព័ត៌មានគ្នាអំពីការឆ្លងវីរុសកូរ៉ូណានៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិកបន្ទាប់ពីការផ្ទុះ​ឡើងនៃមេរោគបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងត្បូងអូគីណាវ៉ា។

កោះអូគីណាវ៉ាបានបញ្ជាក់ថា មនុស្សសរុបចំនួន៦២នាក់ដែលមាន៣៩នាក់នៅឯមូលដ្ឋាន Futenma, ២២នាក់នៅជំរំ Hansen និងម្នាក់ទៀតនៅជំរំ Kinser គឺបានធ្វើតេស្តវិជ្ជមាននៅ​ចន្លោះថ្ងៃអាទិត្យដល់ថ្ងៃទី៧ខែកក្កដា។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងនឹងធ្វើកិច្ចសហប្រតិបត្តិការឲ្យបានសមស្របលើបញ្ហានេះ។ ជប៉ុននិងសហរដ្ឋអាមេរិកកំពុងចែករំលែកព័ត៌មានគ្នាអំពីប្រវត្តិសកម្មភាពរបស់យោធាដែលឆ្លងជំងឺនេះ”។

អូគីណាវ៉ាគឺជាកន្លែងឈរជើងរបស់កងកម្លាំងយោធាអាមេរិកភាគច្រើននៅក្នុងប្រទេសជប៉ុន។

ប៉ុន្តែអ្នកកោះអូគីណាវ៉ាជាច្រើនបានភ្ជាប់មូលដ្ឋានទាំងនេះទៅនឹងបញ្ហានានាចាប់ពីបទឧក្រិដ្ឋ​រហូតដល់គ្រោះថ្នាក់ផ្សេងៗហើយចង់ឲ្យកងម៉ារីនកាត់បន្ថយវត្តមានរបស់ពួកគេឬចាកចេញពីតំបន់នេះតែម្តង។

កាលពីចុងសប្តាហ៍ អភិបាលកោះអូគីណាវ៉ាលោក Denny Tamaki បាននិយាយថា វាជាការ​គួរឲ្យសោកស្តាយយ៉ាងខ្លាំងដែលការឆ្លងមួយចំនួនធំបានកើតឡើងក្នុងរយៈពេលដ៏ខ្លី។ លោកបន្ថែមថា អ្នកកោះអូគីណាវ៉ាមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ។

គួរបញ្ជាក់ថា ក្រៅពីមូលដ្ឋានទាំងនេះ ការឆ្លងរោគនៅកោះអូគីណាវ៉ាមាន១៤៨ករណីដោយ​មានអ្នកស្លាប់៧នាក់។

នៅទូទាំងប្រទេសជប៉ុនមានការឆ្លងរោគជិត២២,០០០ករណីនិងមនុស្សស្លាប់១,០០០នាក់៕ REUTERS

ដោយ៖ វណ្ណវណ្ណ