BREAKING NEWS
Search

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ផ្ដាំផ្ញើ​ដល់​កងទ័ព​ទាំងអស់​ត្រូវ​ចាំ​ជាប់​ក្នុង​បេះដូង​ជានិច្ច​នូវ​ពាក្យ​បី​ឃ្លា​ដែល​ជម្រុញ​ឲ្យ​ប្រជាជន​និង​ប្រទេសជាតិ​មាន​ថ្ងៃនេះ​

ភ្នំពេញ ៖ លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ឲ្យ​កងទ័ព​ទាំងអស់ ត្រូវតែ​ចងចាំ​ជាប់​ជានិច្ច​ក្នុង​បេះដូង​នូវ​ពាក្យ​បី​ឃ្លា ​ដែល​មាន​សារៈសំខាន់​បំផុត​គឺ ទី​១. អរគុណ​សន្តិភាព​, ទី​២. អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ និង​ទី​៣. ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍ និង ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ​ ដែល​ជំរុញ​ឲ្យ​ប្រជាជន​និង​ប្រទេសជាតិ​មាន​ថ្ងៃនេះ​។

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​ ថ្លែង​បែបនេះ ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ ​ដើម្បី​ដាក់​ចេញ​វិធានការ​ឲ្យ​មេបញ្ជាការ​គ្រប់​កងឯកភាព​យក​ទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។ ក្នុង​ឱកាស​នោះ លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការ​រំលឹក​ពី​តម្លៃ​សន្តិភាព ដែល​បាន​ដោយ​លំបាក បំផុត​ហើយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​មាន ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ដែល​សម្តេច​តេ​ជោ​ដឹកនាំ​កម្លាំង​ចេញទៅ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍​, ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៧៨ នៃ​ថ្ងៃ​បង្កើត​អង្គភាព​លេខ​១២៥, ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​, ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ និង​ជា​បន្តបន្ទាប់​ការទប់ស្កាត់​ការ​វិល​ត្រឡប់​របប​ប្រល័យពូជសាសន៍​, និង​ការ​បញ្ចប់​សង្គ្រាម​នៅ​ចុង​ឆ្នាំ​១៩៩៨​។

​លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​ថ្លែង​បន្ត​ថា ដោយ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ប្រាប់​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​ចាំ​ជាប់​ក្នុង​ចិត្ត​នូវ​ពាក្យ​បី​ឃ្លា​សំខាន់ ទី​១. អរគុណ​សន្តិភាព​, ទី​២. អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ​, និង​ទី​៣. ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍ និង ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ​។ ពាក់ព័ន្ធ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​១៩ លោកនាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ ​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​នៅតែ​ឆ្លង​រាល​ច្រើន​ឡើងៗ ដែល​ជា​កត្តា​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផង ហើយក៏​ជា​កត្តា​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ផង​ដែរ​។ សម្រាប់​កម្ពុជា វិញ​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដឹកនាំ​បាន​យកចិត្តទុកដាក់​ខ្ពស់ គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​ ធានា​បាន​ទាំងស្រុង ជាមួយ​ការ​ដាក់​ចេញ​នូវ​វិធានការ និង​ចំណាត់​ការ​នានា ប្រកបដោយ​ភាព​ប្រាកដនិយម ច្បាស់លាស់ និង​ម៉ត់ចត់​ជាទីបំផុត​។

​លោកនាយ​ឧត្ដមសេនីយ៍ បន្ត​ថា បើ​ទោះ​បី​ជា​លទ្ធផល​យ៉ាង​ដូច្នេះ​ក្តី ក៏​យើង​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក្នុង​នោះ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​រលក​ទី​២​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​កើតឡើង​ នៅ​ក្នុង​សហគមន៍​ឲ្យ​សោះ​។

​លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ជំរុញ​ឲ្យ​គ្រប់​អង្គភាព ត្រូវ​សកម្ម​ចូលរួម​ការងារ​បង្ក​បង្កើន​ផល​នៅ​នឹង​កន្លែង តាមរយៈ​ការ​ដាំ​ដុះ​បន្លែ​បង្កា ចិញ្ចឹម​សត្វ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការ​ធ្វើ​សិប្បកម្ម ផលិតកម្ម និង​កសិកម្ម ការ​ធ្វើ​ពលកម្ម​ដោយ​កម្លាំង​មនុស្ស ដើម្បី​ស្រូប​យក​ចំណូល​សេដ្ឋកិច្ច​សម្រាប់​គ្រួសារ​។ ជាមួយ​នោះ នាយ​ឧត្ដមសេនីយ៍ ក៏បាន​ណែនាំ​ឲ្យ​មេបញ្ជាការ​គ្រប់​កងឯកភាព ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​សម្បត្តិ​របស់​រដ្ឋ ដូចជា​បញ្ហា​ដីធ្លី ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ទាំង​កម្ម​សិទ្ធិ​សាធារណៈ​របស់​រដ្ឋ និង កម្មសិទ្ធិឯកជន​របស់​រដ្ឋ​។ ទន្ទឹម​នោះ លោកនាយ​ឧត្ដមសេនីយ៍ បាន​អំពាវនាវ​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ត្រូវ​អប់រំ​ដល់​យោធិន​ក្រោម​ឱវាទ​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​ទាំងឡាយ​ដែល​ទាក់ទិន​នឹង​បញ្ហា​ដីធ្លី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កង​យោធពល​ខេមរភូមិន្ទ​តែម្ដង​៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ ​កូនឈើ​ជាង​៥​ពាន់​ដើម​ ត្រូវ​បាន​ដាំ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ ក្នុងស្រុក​ក្រឡាញ់​