BREAKING NEWS
Search

លោក​ឃួ​ង ស្រេង​ ៖ អង្គការក្រៅរដ្ឋាភិបាល សហគមន៍​អឺរ៉ុប និង​សមាគមន៍​ទីក្រុង​យក​ការអភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ​ជា​គំរូ

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​សហគមន៍​អឺរ៉ុប និង​សមាគមន៍​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​យកការអភិវឌ្ឍន៍នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ធ្វើជា​គំរូ​សម្រាប់​យកទៅ​អភិវឌ្ឍ​នៅក្នុង​តំបន់​ដទៃទៀត​។

ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង ក្នុង​អង្គសិក្ខា​សាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​នៃ​ការ​​សិក្សា​ទិន្នន័យ​មូលដ្ឋាន​នៃ​សហគមន៍​នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​និង​ការរៀបចំ​យុទ្ធសាស្ត្រ​​ស្វែងរក​ការគាំទ្រ​មតិ​លើ​វិស័យ​រៀបចំ​ផែនការ​នគរូបនីយកម្ម​នឹង​ការគ្រប់គ្រង​ដីធ្លី​នៅ​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី ១៣​ខែកក្កដា​ឆ្នាំ​២០២០​នេះ ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​ខណ្ឌ​សង្កាត់ និង​ប្រធាន​សហគមន៍​ទាំង​៨​ដែល​រស់​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ​។

ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​នាពេល​កន្លង​មក​នេះ ក្នុង​ផេ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ក៏បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​ក្នុង​ផេ​ក​របស់​សម្តេច​នេះ​បានសរសេរថា«​អាងទឹក​ស្អុយ​ស្ទឹងមានជ័យ ក្លាយជា​ប្រឡាយ​បេតុង ស្រស់​ស្អាត គ្មាន​ក្លិនស្អុយ និង​ជា​ច្រក​រំដោះ​ទឹក​គ្រប់​តំបន់ ! »។

ក្រោយពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ ប្រឡាយ​ទឹក​ស្ទឹងមានជ័យ​បាន​ប្រែក្លាយ​ប្រឡាយ​ស្ទឹងមានជ័យ ពី​អាង​ស្ដុក​ទឹកស្អុយ ទៅជា​ប្រឡាយ​បេតុង យ៉ាង​ស្អាត​គ្មាន​ក្លិនស្អុយ និង​អាច​រំដោះ​ទឹក​ចេញពី​គ្រប់​តំបន់ ជាពិសេស​នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដែល​រស់​តាម​មាត់ច្រាំង​ប្រឡាយ​ស្ទឹងមានជ័យ​ទទួលបាន​ដី សម្រាប់​សាងសង់​ផ្ទះ និង​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅ​ហ្នឹង​កន្លែង​តែម្តង​តាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រើ​ប្រាស់​សមិទ្ធផល​ដែល​បាន​កសាង​នេះ​ឲ្យបាន​គង់វង្ស នឹង​រួមគ្នា​ធ្វើ​អនាម័យ​ក្នុងការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សា​ភាព​ស្អាត​នៅ​តាម​ទីក​ន្លែង​រស់នៅ៕
ស្រីរ័ត្ន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114