BREAKING NEWS
Search

អនុព័ន្ធយោធា​ហ្វីលីពីន កោតសរសើរ​ចំពោះ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ដោះស្រាយ​ជំលោះ​រ៉ាំរ៉ៃ​កន្លងមក

ភ្នំពេញ ​៖ ការ​កោតសរសើរ​ចំពោះ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ដោះស្រាយ​ជំលោះ​រ៉ាំរ៉ៃ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​លោក​វរ​សេនី​ឯក សាលី​ម៉ារ អ អ៊ី​ម​ភើ​រាល ( SHALIMAR R IMPERIAL ) អនុព័ន្ធយោធា​ហ្វីលីពីន​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចូលជួប​សម្តែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

នៅក្នុង​ជំនួប​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក វរ​សេនី​ឯក សាលី​ម៉ារ អ អ៊ី​ម​ភើ​រាល នៅ​កម្ពុជា ហើយ​នាយ​ឧត្ដមសេនីយ៍ សង្ឃឹមថា យើង​ពិត​ជាមាន​កិច្ចសហការ​ល្អ​ជាមួយគ្នា​។ នៅក្នុង​ជំនួប​នោះដែរ នាយ​ឧត្ដមសេនីយ៍​បាន​រំលឹក​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ហ្វីលីពីន ដែលមាន​ចាប់តាំងពី​ឆ្នាំ​១៩៥៧ ហើយ​ត្រូវ​ផ្តាច់​នៅ​ឆ្នាំ​១៩៧៥ ដោយសារ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​ទើបតែ​ក្នុង​ឆ្នាំ​១៩៩២​ប្រទេស​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ និង​បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ថ្ងៃ​ភ្ជាប់​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ហ្វីលីពីន ផងដែរ​។



ពាក់ព័ន្ធ​លើ​វិស័យ​ការពារជាតិ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់ថា កន្លងមក​ក្នុង​ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​ពីរបាន​ចុះ​អនុសារណៈ​ជាមួយគ្នា ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​។ នាយ​ឧត្ដមសេនីយ៍​សង្ឃឹមថា ក្រោយ​ស្ថានការណ៍​កូ​វីដ​-១៩​ស្ងប់ស្ងាត់ កងទ័ព​ប្រទេស​ទាំងពីរ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្តទៀត​។

ជា​កិច្ច​ឆ្លើយតប លោក​វរ​សេនី​ឯក សាលី​ម៉ារ អ អ៊ី​ម​ភើ​រាល បាន​សំដែង​ការ​អំណរគុណ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក​ចូលជួប​សម្តែង​ការគួរសម​នា​ឱកាស​នេះ ហើយ​លោក​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គ្រប់គ្រង និង​ទប់ស្កាត់​បានល្អ ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​រូបលោក​មានបំណង​សិក្សា​ស្វែងយល់​លើ​បញ្ហា​នេះ​។

នៅក្នុង​ជំនួប​នោះ​ដែរ លោក​វរ​សេនី​ឯក សាលី​ម៉ារ អ អ៊ី​ម​ភើ​រាល បាន​ស្ញប់​ស្ញប់ស្ញែង​ចំពោះ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ឬ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដោះស្រាយ​ជំលោះ​រ៉ាំរ៉ៃ​កន្លងមក ដែល​នេះ​ជា​ផ្នែក​មួយ​ដ៍​សំខាន់​ដែល​ហ្វីលីពីន​ត្រូវ​សិក្សា ហើយ​លោក​អនុព័ន្ធ​សង្ឃឹមថា ក្នុងពេល​អនាគត​ដ៍​ខ្លី ហ្វីលីពីន​នឹង​ទទួលបាន​សុខសន្តិភាព​ដូច​កម្ពុជា​សព្វថ្ងៃ​នេះដែរ​។

គួរ​រំលឹក​ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​ជូន​ប្រទេសជាតិ នូវ​សុខសន្តិភាព ស្ថេរភាព​ពេញលេញ បង្កលក្ខណៈ​ឲ្យ​កម្ពុជា អាច​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល ហើយ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​កម្ពុជា​យើង​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេសជិតខាង​។ ស្នាដៃ​ដ៏​ត្រចះត្រចង់ និង​សមិទ្ធផល​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ មាន​ភាពល្អប្រសើរ និង​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នេះ ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ចង់បាន​បទពិសោធ​ន៏​នេះ ទៅ​អនុវត្ត​នៅ​ប្រទេស​របស់គេ​ផងដែរ​៕
កោះ​កែវ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114