BREAKING NEWS
Search

សាលាខេត្ត​ បើក​កិច្ចប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

បន្ទាយមានជ័យ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​បាន​បើក​កិច្ចប្រជុំ​ស្តី​ការ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ នៅ​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការ​ចូល មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត​លោក​អ៊ុំ​រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​បឹង​ គឹម​សឹង ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ មេ​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ​សង្កាត់ និង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

ក្នុង​កិច្ចប្រជុំ​នោះ ​លោក​ប៉ឹង គឹម​សឹង ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​ស្តី​ការ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តី​ពី​នីតិវិធី​ប​ច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​នេះ ​វា​មាន​សា​រះ​សំខាន់​ណាស់ សម្រាប់​លោក លោកស្រី​ជា​មន្ត្រីរាជការ ដែល​ពាក់ព័ន្ធ​តាម​រយៈ​ការ​ផ្តល់​ជា​គោលការណ៍​ណែនាំ​ថ្មីៗ ដែល​ជា​មូលដ្ឋាន​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ រៀបចំ​គំរោង​ថវិកា​ឆ្នាំ២០២០​ របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព​ធានា​ការគ្រប់គ្រង ការអនុវត្ត​ថវិកា​ដើម្បី​ឈាន​ទៅ​បង្កើត​លទ្ធផល​ជាក់ស្តែង​ដែល​អាច​វាស់វែង​បាន​នឹង​ការ​រួមចំណែក​ដោយផ្ទាល់​ក្នុងការ​សម្រេច​គោលបំណង​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​ធ្វើ​ទំនើបកម្ម និង ការ​ពង្រឹង​ប្រព័ន្ធ​ថវិកា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​និង​ថវិកា​ឆ្នាំ​២០២០​រដ្ឋាភិបាល​បានកំណត់​គោលដៅ​សូចនាករ​ហិរញ្ញវត្ថុ​សា​ធា​រណៈ​សម្រាប់​ឆ្នាំ​២០២០​ដែល​ចែង​ក្នុង​ច្បាប់​រួចជាស្រេច​ហើយ​។

ក្នុង​នោះ​ លោក​អ៊ុំ ​រាត្រី ​បាន​មានប្រសាសន៍ថា​ អភិបាលក្រុង ស្រុក ប្រធាន​ការិយាល័យ​រដ្ឋ​បាល ហិរញ្ញវត្ថុ​ស្រុក ក្រុង លោក​ចៅសង្កាត់ ឃុំ ស្មៀន និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោយពី​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ហើយ​ត្រូវ​យក​ចំណេះដឹង និង​សមត្ថភាព គួបផ្សំ​និង​បទពិសោធន៍​ការងារ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ការរៀបចំ​គំរោង​ថវិកា​ឆ្នាំ​២០២០​នេះ​ អាច​សម្រេច​បាន​សមិទ្ធផល​តាម​គោលដៅ​សូចនាករ​ដែល​បាន​កំណត់​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​គម្រោង​ថវិកា​ឆ្នាំ​២០២០​នេះ​ជា​ការ​ត្រៀម​ចាប់ផ្តើម​នៃ​ដំណើរ​ឆ្ពោះទៅ​រក​របត់​ថ្មី​នៃ​ការងារ​គ្រប់គ្រង​ថវិកា​ស្របតាម​យុទ្ធសាស្ត្រ​នៃ​ការ​តែ​ទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០២០​នេះ​៕
គង្គា

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114