BREAKING NEWS
Search

ការ​កំណត់​យក​ថ្ងៃ​១៧-២១ សីហា សម្រាប់​ឈប់សម្រាក ដើម្បី​ផ្ដល់​ពេលវេលា​ដល់​រោងចក្រ សហគ្រាស បញ្ចប់​ច្រវាក់​ព្រឹត្តិ​កម្ម និង​នាំចេញ ឲ្យ​បាន​មុន​កាលបរិច្ឆេទ​ព្យួរ EBA

ភ្នំពេញ​ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ការ​កំណត់​យក​ថ្ងៃ​១៧-២១ ខែសីហា​ខាងមុខ សម្រាប់​ឈប់សម្រាក​ជំនួស​ឲ្យ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នោះ គឺ​ដើម្បី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដល់​រោងចក្រ សហគ្រាស ដើម្បី​បញ្ចប់​ច្រវាក់​ព្រឹត្តិ​កម្ម និង​នាំចេញ ឲ្យ​បាន​មុន​កាលបរិច្ឆេទ​ព្យួរ EBA របស់​សហគមន៍​អឺរ៉ុប​។

ការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​បាន​ធ្វើឡើង​តាមរយៈ​របាយការណ៍​ផ្ញើ​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​លទ្ធផល​កិច្ចប្រជុំ​ចង្អៀត នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ស្ដីពី​ការកំណត់​ថ្ងៃ​ឈប់សម្រាក​ជំនួស​ឲ្យ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ការសម្រួល​វិធានការ​ចេញចូល​ប្រទេស​កម្ពុជា ដល់​វិនិយោគិន និង​ធុរជន​បរទេស ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច កិច្ចប្រជុំ​នោះ មានការ​ចូលរួម​ពី​តំណាង​វិស័យ​ជាច្រើន ក្នុងនោះ​ក៏មាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​, សហព័ន្ធ​និយោជក​, សមាគម​ពាណិជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ហើយ​តំណាង​វិស័យ​នីមួយៗ​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​១៧-២១ ខែសីហា ខាងមុខ ដើម្បី​ឈប់​សំរាក​ជំនួស​ឲ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំ ដោយ​លើក​ហេតុផល​ថា គឺ​ដើម្បី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដល់​រោងចក្រ សហគ្រាស ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ក្នុង​ការ​បញ្ចប់​ច្រ​វ៉ា​ក់​ផលិតកម្ម និង​ការនាំចេញ​ទំនិញ តាម​ការ​បញ្ជា​ទិញ ដែលមាន​ស្រាប់​ឲ្យ​បាន​មុន​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ដែល​ជា​កាលបរិច្ឆេទ​នៃ​ការ​ចូល​ជា​ធរមាន នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ EBA របស់​សហគមន៍​អឺរ៉ុប។

ទាក់ទង​បញ្ហា​នេះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​ថា ថ្ងៃ​ចូល​ជាធរ​មាន​នៃ​ការកំណត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) គឺ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ គឺ​ថ្ងៃ​ចូល​ជា​ធរមាន​។

គណៈកម្មការ​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា អឺរ៉ុប​បានសម្រេច​ដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា ក្រោម​គម្រោង​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ដោយសារ​ការរំលោភបំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​អឺរ៉ុប​បាន​បញ្ជាក់ថា ការដក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពន្ធ និង​ការជំនួស​មកវិញ​ជាមួយនឹង​ពន្ធ​ស្តង់ដារ​របស់​សហភាព​អ៊ឺរ៉ុប នឹង​ប៉ះពាល់​ដល់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បានជ្រើសរើស និង​រាល់​ទំនិញ​សម្រាប់​ការធ្វើដំណើរ និង​ស្ករសរ​។ ការដក​នេះ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​ប្រាំ ឬ​១​ពាន់​លាន​អឺរ៉ូ នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ ទោះជា​យ៉ាងណា ការកំណត់​នេះ ត្រូវបាន​ជំទាស់​ដោយ​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​អះអាងថា សហភាព​អឺរ៉ុប​(EU) កាត់ EBA ប្រមាណ​ជា​២០​ភាគរយ​ប៉ុណ្ណោះ ហើយ​អាច​គ្រាន់តែ​ជាការ​ស្ទាបស្ទង់​មកលើ​ជំហរ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។ លោក​ថ្លែងថា ដោយសារ EBA មាន​ស្តង់ដា​២ ធ្វើ​ឲ្យ​កម្ពុជា​រង​ភាពអយុត្តិធម៌​។

បើតាម​លោក សុខ ឥសាន ទោះបី​នៅមាន ឬ​អត់​មាន EBA រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ឯករាជ្យ និង​អធិបតេយ្យ​របស់ខ្លួន​។ លោក​បញ្ជាក់ថា ជំហរ​ដាច់​ណាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ នៅតែ​ដោះស្រាយ​បញ្ហា​ដោយ​ឈរលើ​គោលការណ៍​រក្សា​ឯករាជ្យ និង​អធិបតេយ្យ​ភព​ជាតិ​ដដែល​។​

ទោះជា​យ៉ាងណា ការសម្រេច​ព្យួរ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នេះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ជាសំខាន់​ដល់​សេដ្ឋកិច្ចកម្ពុជា​នោះឡើយ​។ រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគិត​គូរ​រៀបចំ​ការត្រៀមខ្លួន​រួចរាល់​អស់ហើយ តាំងពី​៤, ៥ ឆ្នាំមុន​ម្ល៉េះ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់ខ្លួន​អាច​រស់​ដោយ​កម្លាំង​ខ្លួនឯងបាន ដោយ​មិនបាច់​ពឹងពាក់​លើ​ភាព​អាណិតអាសូរ ឬ​ភាពអនុគ្រោះ​របស់​បរទេស​ទៀត​នោះឡើយ​។​

ប្រភពពី​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​យ៉ាងច្បាស់​ថា “​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងការ​ចាក់គ្រឹះ​សេដ្ឋកិច្ចជាតិ ពីព្រោះ​រដ្ឋាភិបាល​បានដឹង​ច្បាស់​ណាស់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹងត្រូវ​បាត់បង់​ជា​ស្វ័យប្រវត្តិ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដោយសារ​កម្ពុជា​យើង​បាន​ចាក​ចេញពី​ស្ថាន​ភាពជា​ប្រទេស​ក្រីក្រ​ហើយ និង​ទទួលបាន​ឋានៈ​ជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កំ​រឹត​ទាប​កម្រិត​និង​កំពុង​ត្រៀមខ្លួន​ក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០”៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114