BREAKING NEWS
Search

ជនសង្ស័យ​ម្នាក់ ​លួច​លក់​ថ្នាំញៀន​នៅ​ផ្សារ​កណ្តាល​ត្រូវ​នគរបាល​ចុះ​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ក្នុងករណី​លួច​លក់​ថ្នាំញៀន​នៅ​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មណ្ឌល​១០ ស្ថិត​ក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ ​បាន​ដោយសារ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចេញ​ល្បាត​នៅតាម​ផ្លូវ​សាធារណៈ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​រក​ឃើញ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​សថ្លា​១​ថង់​កណ្ដាល​ចំនួន​៥​លេខ និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១ គ្រឿង ដាក់​ក្នុង​ហោប៉ៅ​ខោ​ហើយ​ក៏បាន​នាំ​ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ​។

នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ​កន្លងមក​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់ ខែម​ ស្នងការ​នគរបាល​ខេត្ត​លោក​បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​ឲ្យ​នគរបាល​ស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​ដូចជា​ភ្លៀងរលឹម។

នគរបាល​ក្រុង​បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​មានឈ្មោះ​ជា សាវឿន ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ដើម​ពោធិ៍ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបាត់ដំបង​មក​ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្ដាល​ក្រុង ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ចម្លើយ​បាន​សារភាព​ថា ​ថ្នាំញៀន​ដែល​នគរបាល​ឃាត់ខ្លួន​បាន​យក​មក​រំលែក​ដើម្បី​ទុក​ចែកចាយ​បន្ត។

ផ្អែក​តាម​ចម្លើយ​សារភាព​និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​ជាក់ស្តែង ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​បន្ត​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114