BREAKING NEWS
Search

សមត្ថកិច្ច​បង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹកឈើ​ល្មើស​ច្បាប់​២​គ្រឿង​

សៀមរាប ​៖ ​បន្ទាប់ពី​គេ​ស​ង្កេត​ឃើញថា សកម្មភាព​ភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប គោ​កន្ត្រៃ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង​យកមក​រក្សាទុក​។

លោក ម៉ុង ប៊ុន​លីម នាយខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ចង្អុល​បង្ហាញ​របស់ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តសៀមរាប និង​ជាក់ស្តែង សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកជញ្ជូន​ដោយ​គ្មាន​លិខិតអនុញ្ញាត ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខ្វាវ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ចុះបង្ក្រាប​នៅ​ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ​២០២០ បង្ក្រាបបាន​គោយន្ត​កន្ត្រៃ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង នៅ​ស្ថិតនៅ​ភូមិ​ព្រៃ​ឆ្កា ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​បន្ត​ថា នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នេះ​គឺ​ត្រូវ​បាន​ដឹកនាំ​ផ្ទាល់​ដោយ​លោក ភោគ វិ​រៈ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ខ្វាវ និង​លោក ហង្ស វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​។ ចំណែក​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​មាន​ប្រភេទ​ឈើ សំពង់ (​ឈើ​អា​ក្រៅ​លំដាប់ថ្នាក់​)​មាន​ចំនួន​សរុប​៤៨​សន្លឹក ស្មើ​និង​១,២៨២​ម៉ែត្រគូប ដែលមាន​ម្ចាស់​ឈើ​មានឈ្មោះ​ផុន ភី អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​រីង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​បច្ចុប្បន្ន​យកមក​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃ​ខ្វាវ ដើម្បី​ចាត់ការ​តាមច្បាប់​។

ជុំវិញ​ករណី​នេះ​ដែរ មហាជន បាន​កោត​សរសើរ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង និង​លោក ភោគ វីរៈ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ ដែល​បាន​សហការគ្នា​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ជីក្រែង ឲ្យ​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​៕
​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114