BREAKING NEWS
Search

កម្មករជិត២ម៉ឺននាក់ទៀត ដែលព្យួរការងារ ដោយសារជំងឺកូវីដ១៩ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ កម្មករនិយោជិតចំនួន១៩៧០៤នាក់ បម្រើការងារតាមរោងចក្រសហគ្រាស៦០ ដែលព្យួរការងារ ដោយសារជំងឺកូវីដ១៩ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី១៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងចំណោមរោងចក្រ សហគ្រាស៦០ នោះមានរោងចក្រ ស្ថិតក្នុងវិស័យកាត់ដេរចំនួន «៣៩និងសហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន២១។ តាមក្រសួងការងារចំពោះប្រាក់ឧបត្ថម្ភនេះរាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនិងសហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៤០៥០០រៀលស្មើនឹង១០ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់២០ថ្ងៃ។ ចំនួន៨១០០០រៀលស្មើនឹង២០ដុល្លារសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ២១ថ្ងៃដល់៣០ថ្ងៃ។ ចំនួន២០២៥០០រៀលស្មើនឹង៥០ដុល្លារសម្រាប់ការព្យួរ កិច្ចសន្យាការងាររយៈពេលពី៣១ថ្ងៃដល់៤៩ថ្ងៃនិងចំនួន២៤៣០០០រៀលស្មើនឹង៦០ដុល្លារសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៥០ថ្ងៃដល់២ខែ។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

ចំពោះកម្មករនិយោជិតមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៦០នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។

បញ្ជាក់ថា នេះជាលើកទី១៣ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ទាំង វិស័យកាត់ដេរនិងវិស័យទេសចរណ៍៕

អត្ថបទ៖ សំអឿន

ចុចអាន៖ កម្ពុជា ប្រកាសចូលរួមផ្គត់ផ្គង់​សន្តិសុខស្បៀងជាមួយពិភពលោក