BREAKING NEWS
Search

អ្នកនាំពាក្យក្រសួងធនធានទឹក៖ក្រសួងនឹងធ្វើការព្យាករណ៍កម្ពស់ទឹកជាលើកទី២ នៅខែសីហាខាងមុខ

ភ្នំពេញ៖លោក ចាន់យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ កក្កដានេះថា ក្រសួងនឹងធ្វើការព្យាករណ៍កម្ពស់ទឹកជំនន់ជាលើកទី២ នៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋបានដឹងនិងត្រៀមលក្ខណៈទប់ទល់ក្នុងករណីកម្ពស់ទឹកមានប្រែប្រួលការព្យាករណ៍លើកទី១។

លោកបានបន្តទៀតថា តាមការព្យាករណ៍លើកទី១កន្លងមក កម្ពស់ទឹកនៅស្ថានីយ៍ទន្លេបាសាក់ និងចតុមុខមានកម្ពស់ចំនួន៩,៧០ម៉ែត្រដែលជាទឹកជំនន់មធ្យម ខណៈទឹកជំនន់ធំមានកម្ពស់ចាប់ពី១០,៥០ឡើងទៅ។

យ៉ាងណាក៏ដោយ លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះកម្ពស់ទឹកនៅតាមដងទន្លេនៅមានកម្រិតទាបនៅឡើយទេ ប៉ុន្តែចាប់ពីចុងខែកក្កដារហូតដល់ខែសីហាឆ្នាំ២០២០ កម្ពុជានឹងមានធ្លាក់ភ្ញៀងច្រើនអាចកម្ពស់ទឹកអាចនឹងមានការកើនឡើង។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ត្រៀមលក្ខណៈរួចរាល់ហើយទាំងធនធានមនុស្ស សម្ភារបរិក្ខា ទូកកាណូត កងកម្លាំងអន្តរាគមន៍ជើងទឹកក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។

លោក បានបន្តថា ជាងនេះទៀតក៏បានធ្វើការដាស់តឿនដល់អាជ្ញាធររាជធានីខេត្តដែលជាប់ដងទន្លេមេគង្គទាំងអស់ត្រូវត្រៀមបម្រុងទីទួលសុវត្តិភាព សម្ភារផ្សេងៗដើម្បីជួយជម្លៀសដល់ប្រជាពលរដ្ឋពេលមានទឹកជំនន់ និងត្រូវស្តាប់ព័ត៍មានទាក់ទិននឹងការព្យាករណ៍ទឹកជំនន់របស់ក្រសួងធនធានទឹកឲ្យបានទៀងទាត់ ដើម្បីផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ត្រៀមខ្លួននិងរៀបចំឲ្យបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរក្រុមការងារបានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គឲ្យចេះពីរបៀបបង្ការការពារពីគ្រោះថ្នាក់ផ្សេងៗនៅពេលមានទឹកជំនន់និងការស្វែងរកទីទួលសុវត្តិភាពក៏ដូចជាការធ្វើអនាម័យផងដែរ៕

អត្ថបទ៖ សំអឿន