BREAKING NEWS
Search

អាវុធហត្ថ​រាជធានី ​បញ្ជូន​ក្រុម​ឈ្មួញ​កណ្ដាល ទៅ​តុលាការ ​ជាមួយ​ថ្នាំញៀន​ជាង​២០០​កញ្ចប់​

ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ​លក្ខណៈ​ជា​ឈ្មួញ​កណ្តាល និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ នៅ​ថ្ងៃ​ទី​១៤​កក្កដា នេះ។ ​ ក្នុងនោះ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ បន្ទាប់ពី​កម្លាំង​ជំនាញ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ចុះ​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ជាក់ស្ដែង ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ( ស្រី​០១​នាក់ អនីតិជន​០១​នាក់​) ព្រមទាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ជាង​២០០​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​រួចមក​។

ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវលំ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២០​។​

មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ៖ ទី​១-ឈ្មោះ ទន់ ចេង ហៅ ស្រី​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​៤៣ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។ ទី​២-ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជនជាតិ​វៀតណាម ត្រូវជា​ប្អូនប្រុស ឈ្មោះ ទន់ ចេង​។ ទី​៣-ឈ្មោះ ស្រី វិចិត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ទើប​ចេញពី​ពន្ធនាគារ​)​។​

ប្រភព​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ជាក់ស្ដែង​នេះ កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​រួមមាន ៖ ក្រាម​ស​ថ្លា​២០២​កញ្ចប់​(​ធំ​២​កញ្ចប់​), ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង រួមទាំង​សម្ភារៈ​សម្រាប់​សេព​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៣​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​នេះ៕
អត្ថបទ ៖ វិមាន​

សូមចុចអាន ៖ វាយ​ខ្នោះ​មេការ​ខារ៉ាអូខេ​​អង្គរជុំ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់ ដើម្បី​បង្ខំ​ទៅ​រួមភេទ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114