BREAKING NEWS
Search

ប្រទេសចិនញាប់ដៃញាប់ជើងទប់ទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

នៅថ្ងៃអង្គារនេះទាហានបានដាក់បាវខ្សាច់ការពារទឹកជំនន់នៅក្នុងទីក្រុងមួយក្បែរបឹងទឹកសាបធំបំផុតរបស់ប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជិត ៦ ទសវត្សរ៍ដែលបានជន់លិចអាងទន្លេ Yangtze ។

តំបន់ទឹកហូរចេញចូល Yangtzeដ៏ធំនេះត្រូវបានបោកបក់ដោយភ្លៀងយ៉ាងខ្លាំងចាប់តាំងពីខែមុន ។

ព្យុះភ្លៀងនេះបានធ្វើឲ្យមនុស្សចំនួន ១៤១ នាក់ស្លាប់ ឬបាត់ខ្លួន និងបង្ខំឲ្យមានការជម្លៀសមនុស្សរាប់លាននាក់នៅទូទាំងខេត្តមួយចំនួន ។

ជាទូទៅទឹកជំនន់នៅតាមដងទន្លេដែលវែងជាងគេទី ៣ នៅលើពិភពលោកនេះគឺជាគ្រោះកាចសាហាវនៅរដូវក្តៅប្រចាំឆ្នាំ ប៉ុន្តែទឹកជំនន់នៅឆ្នាំនេះគឺធ្ងន់ធ្ងរណាស់ ។

អនុរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងគ្រោះអាសន្នលោក Zheng Guoguang បាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងបានកើនឡើងខ្លាំងចាប់តាំងពីសប្តាហ៍មុនដែលបណ្តាលឲ្យផ្លូវទឹកនៅតាមដងទន្លេ Yangtze ឡើងដល់កម្រិតខ្ពស់ហួសកម្រិតប្រកាសអាសន្ន ។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា “ចាប់តាំងពីខែមិថុនាមកទឹកភ្លៀងជាមធ្យមនៅក្នុងអាងទន្លេ Yangtze គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦១ មក” ៕ CNA

ប្រែសម្រួលដោយ ៖ ជីវ័ន្ត