BREAKING NEWS
Search

រថយន្ត​៣​គ្រឿង បុក​បន្ត​កន្ទុយ ដែល​បង្កឡើង​ដោយ​រថយន្ត​របស់​រោងចក្រ​ស៊ីម៉ងត៍

បាត់ដំបង ៖ រថយន្ត​២​គ្រឿង រង​ការខូចខាត​យ៉ាង​ដំណំ ខណៈ​​កំពុង​ឈប់​សំចត​លើ​កំណាត់​ផ្លូវ​ដែល​ក្រុមហ៊ុន​កំពុង​បិទ​ចរាចរណ៍​ ដើម្បី​ស្ថាបនា និង ជួសជុល​ផ្លូវ ក៏​ត្រូវ​រថយន្ត​ធុន​ធ្ងន់​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ បើក​ដូច​ហោះ មក​បុក​ទាំង​ក្រោល​តែម្ដង។

បើ​តាម​ការ​លើកឡើង​ពី​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ព្រះ​បាន​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២និង៣០នាទី រសៀល​ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​មួយ​កន្លែង ក្នុង​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។​

​ម្ចាស់​រថយន្ត​រងគ្រោះ​ម្នាក់​បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ លោក​បាន​បើករថយន្ត​ហ្វ​ត ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-8111 ទិសដៅ​ពី​បាត់ដំបង ឆ្ពោះទៅកាន់​ក្រុងភ្នំពេញ។ លុះ​មកដល់​ត្រង់​ចំណុច​ខាងលើ ត្រូវបាន​កម្លាំង​ការដ្ឋាន​ធ្វើ​ផ្លូវ បិទ​ចរាចរណ៍​មួយ​ភ្លែត ព្រោះ​នៅខាងមុខ​កំពុង​ជួសជុល​ផ្លូវ​។ នៅពេល​នោះ​ដែរ ក៏​មាន​រថយន្ត​កូរ៉េ ពណ៌ស មួយគ្រឿង មក​ឈប់​នៅ​ពីក្រោយ​រថយន្ត​របស់​លោក​ដែរ​ ដែល​រថយន្ត​នោះ​ ពាក់​ស្លាក​លេខ សៀមរាប 3A-3081។

ខណៈ​​ក្រុមការងារ​មិនទាន់​បើកផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៍​បន្ត​ផង ក៏​ស្រាប់​តែ​មាន​រថយន្ត​ធុន​ធ្ងន់ ដែលជា​ប្រភេទ​រថយន្ត​ដឹក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​ នៅ​ស្រុក​រតនៈមណ្ឌល បាន​បើកបរ​យ៉ាង​លឿន មក​បុក​ចំ​ពីក្រោយ​រថយន្ត​កូរ៉េ ហើយ​បាន​រុញ​មក​បុក​ដល់​រថយន្ត​របស់​លោក​ថែមទៀត។ ដែល​រថយន្ត​ស៊ីម៉ងត៍​​នោះ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1082 ទើប​លោក​ចុះ​ពិនិត្យមើល​ដើម្បីឲ្យ​សមត្ថកិច្ច​ស្រុក​រក​ដំណោះស្រាយ។​

​គួរ​បញ្ជាក់​ដែរ​ថា កន្លងមក​រថយន្ត​រ​បស់​ក្រុមហ៊ុន​នេះ មាន​មួយចំនួន​មិនមាន​ឯកសារ​គ្រប់គ្រាន់​នោះ​ឡើយ​។ ព្រោះ​ពេលដែល​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ចុះ​ឈរជើង​នៅលើ​គោលដៅ​ណាមួយ គឺ​រថយន្ត​ពពួក​នេះ​ច្រើនតែ​សំងំ​មិន​ហ៊ាន​បើក​ឆ្លងកាត់​ឡើយ ឯ​ការ​បើកបរ​ក៏​មាន​ល្បឿន​លឿន​ថែម​ទៀត ដូច​ករណី​ខាងលើនេះ​ជាដើម។ បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទាំង​អស់​ទៅកាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ។ នេះ​ជា​សំណាងល្អ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ៕
អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុចអាន ៖ យុវជន​ម្នាក់ បើក​ម៉ូតូ​លឿន​ពេល​យប់ ​បុក​ដើម​អាកាស្យា ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114