BREAKING NEWS
Search

អភិបាលខេត្ត​ស្វាយរៀង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​អោយ​ប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​-១៩

ស្វាយរៀង​ ៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះ​ពាល់​ ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០​នេះ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង និង​សហការី​បាន​បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា តាមរយៈ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត ផ្តល់​ជូន​ជន​ងាយ​រងគ្រោះ (​ចាស់ជរា ៨ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១២ គ្រួសារ​) សរុប ២០ គ្រួសារ ក្នុង​ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក។

​លោក ម៉ែន វិបុល ប្រសាសន៍​បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់​វណ្ណៈ​ពណ៌​សម្បុរ​ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។ ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុង​ការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ។

​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំង​អស់​នេះ គ្រាន់តែ​អាច​មកដល់​ហើយ ត្រូវ​រួសរាន់​ត្រៀមលក្ខណៈ​បង្កបង្កើនផល ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ។ ឯក​ឧត្តម​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នា​ពេល​នេះ​ឡើយ បើ​ទោះបី​ចំនួន​អ្នក​ឆ្លង​ នៅ​ក្នុង​ប្រទេស​យើង​មាន​តិច​ក្តី តែ​យើង​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវ​ធ្វើ​អនាម័យ​សុខភាព​ឲ្យ​បាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុម​គ្រួសារ​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​១៩ នេះ​ឲ្យ​សោះ​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង។

ឯក​ឧត្តម​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ជាប្រចាំ​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់​មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅ​ពេល​ក្អក ឬ​កណ្តាស នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា។ ម្យ៉ាងវិញទៀត​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ សំខាន់​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​អប់រំ​កូនចៅ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​ប្រកបមុខរបរ​បង្ក​បន្ថែ​ម ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ អំណោយ​ ដែល​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ ទាំង ២០ គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ ២៥ គ​.​ក្រ, មី​១​កេស, ត្រីខ​១០​កំប៉ុង, ក្រមា​១, សាប៊ូ​២​ដុំ, អាវយឺត​២​, ម៉ាស់​១, ថវិកា ៤០,០០០ រៀល​ផង​ដែរ​៕
អត្ថបទ៖ ​គឹម​សេង