BREAKING NEWS
Search

ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស សម្រេច​ច្រានចោល​បណ្ដឹង​ដិតចិត្ត​របស់​មេធាវី ខៀវ សំផន ចំពោះ​ចៅក្រម​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ចំនួន​៦​រូប

ភ្នំពេញ ​៖ អ្នកនាំពាក្យ​បាន​អះអាង​ថា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានសម្រេច​ច្រានចោល​បណ្ដឹងដិតចិត្ត (​មិន​ទទួលយក​) របស់​មេធាវី ខៀវ សំផន ចំពោះ​ចៅក្រម នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ចំនួន​៦​រូប ដែល​ធ្លាប់​កាត់ទោស ខៀវ សំផន ឲ្យ​ជាប់គុក​មួយជីវិត នៅក្នុង​សំណុំរឿង​០០២ វគ្គ​១​។

លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​១៤ ខែកក្កដា នេះ​ថា ការដែល​លោក ខៀវ សំផន សម្រេច​ប្ដឹង​ដិត​ចិត្ត​ទៅលើ​ចៅក្រម​ចំនួន​៦​រូបនោះ ដោយសារតែ​ដោយសារតែ​ចៅក្រម​ទាំងនោះ​ធ្លាប់​កាត់ទោស​លោក ខៀវ សំផន ឲ្យ​ជាប់គុក​មួយជីវិត​រួចទៅហើយ នៅក្នុង​សំណុំរឿង​០០២ វគ្គ​១ ហើយ​ចៅក្រម​ទាំង​៦​រូបនោះ នឹង​បន្ត​ទៅជា​ចៅក្រម​ជំនុំ​ជម្រះក្តី​នៅក្នុង​សំណុំរឿង​០០២ វគ្គ​២ បន្តទៀត​។

បើតាម​លោក នេត្រ ភក្ត្រា ការប្ដឹង​ដិត​ចិត្ត​នេះ គឺ​មានន័យថា ចៅក្រម​ទាំងអស់នោះ​ធ្លាប់​កាត់ក្តី​ឲ្យ ខៀវ សំផន ជាប់ទោស​រួចទៅហើយ ដូច្នេះ​បើ​សំណុំរឿង​០០២ វគ្គ​២ ចៅក្រម​ទាំងនោះ​អាច​នឹង​កាត់ទោស​ឲ្យ​លោក ខៀវ សំផន ជាប់ទោស​ម្ដងទៀត ហេតុនេះហើយ​ទើប​លោក ខៀវ សំផន ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ទាំងអស់​នោះ ប៉ុន្តែ​ការប្ដឹង​ដិត​ចិត្ត​នេះ ត្រូវបាន​ក្រុម​ចៅក្រម​ពិសេស សម្រេច​ច្រានចោល​រួចហើយ ដូច្នេះ​ចៅក្រម​នៅក្នុង​អង្គ​តុលាការ​កំពូល​ទាំងអស់ ដែល​ធ្លាប់​កាត់ទោស​លោក ខៀវ សំផន នោះ​នឹង​បន្ត​បំពេញការងារ​ជាធម្មតា​សម្រាប់​ការជំនុំជម្រះ​រឿងក្តី​០០២ វគ្គ​២ បន្តទៀត​។

ដោយឡែក​នៅលើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ​ទី​១៤ ខែកក្កដា នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានចេញ​សេចក្តីសម្រេច​របស់ខ្លួន​លើ​បណ្ដឹងដិតចិត្ត​របស់ ខៀវ សំផន ចំពោះ​ចៅក្រម​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ចំនួន​៦​រូប ដែល​បានសម្រេច​ក្តី​នៅក្នុង​សំណុំរឿង​០០២ វគ្គ​១​។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ សីហ​មេធាវី​ការពារ​ក្តី​លោក ខៀវ សំផន បានដាក់​ពាក្យ​បណ្ដឹងដិតចិត្ត និង​បាន​ស្នើសុំ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ដក​ចៅក្រម​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ទាំង​៦​រូប ដែល​បានសម្រេច​ក្តី​នៅក្នុង​សំណុំរឿង​០០២ វគ្គ​១ នោះ​ចេញ ហើយ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២៩ សហ​ព្រះរាជអាជ្ញា រួមទាំង​សហ​មេធាវី​នាំមុខ​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី​បានដាក់​ចម្លើយ​តប​រៀងៗ​ខ្លួន ទៅនឹង​បណ្ដឹង​ទៅនឹង​បណ្ដឹងដិតចិត្ត​នេះ​។

នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ គណៈកម្មាធិការ​រដ្ឋបាល​តុលាការ បានសម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​សមាសភាព​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស ដើម្បី​សម្រេចសេចក្តី​លើ​បណ្ដឹងដិតចិត្ត​របស់​មេ​ធា​វី​លោក ខៀវ សំផន​។ នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស បានបង្ហាញ​មូលដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ទៅនឹង​ភាព​អាច​ទទួលយកបាន​នូវ​បណ្តឹងដិតចិត្ត​។

ចំពោះ​អង្គសេចក្តី​នៃ​បណ្ដឹងដិតចិត្ត ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស​បានបង្ហាញ​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន សម្រាប់​បណ្ដឹងដិតចិត្ត​ចៅក្រម និង​បានសម្រេច​ថា ការចោទប្រកាន់​អំពី​បុរេវិនិច្ឆ័យ​លើ​បណ្ដឹងសាទុក្ខ​ក្នុង​សំណុំរឿង​០០២ វគ្គ​២ និង​ការ​សន្និដ្ឋាន​មិន​ត្រឹមត្រូវ​នៅក្នុង​សាលដីកា​សំណុំរឿង​០០២ វគ្គ​១ ព្រមទាំង​ភាព​មិន​ប្រាកដប្រជា​នៃ​នីតិវិធី ​ក្រោយ​ការប្រកាស​សាលក្រម​សំណុំរឿង​០០២ វគ្គ​២ មិន​គ្រប់គ្រាន់ អាច​បដិសេធ​សច្ចៈ​ធារណ៏​ដ៏​រឹងមាំ​នៃ​ភាព​មិន​លំអៀង​របស់​ចៅក្រម ដែល​រង​បណ្ដឹងដិតចិត្ត​នៅឡើយ ហេតុនេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស បាន​ច្រានចោល​បណ្ដឹងដិតចិត្ត​លើ​អង្គ​សេចក្តី​ទាំងស្រុង​។​

គួរ​រលឹក​ថា ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត កម្ពុជា ត្រូវ​បាន​សម្រេច​ឲ្យ​ជាប់គុក​មួយ​ជីវិត ទាក់ទង​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់ ពី​តំបន់​ដទៃទៀត​រួមទាំង​ការ​កាប់សម្លាប់ អតីតមន្ត្រី​រដ្ឋកាល​សម័យ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់ ។ កាលពី​ថ្ងៃទី​៧ ខែសីហា ២០១៤ អង្គជំនុំជម្រះ​សាលាដំបូង​រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំង​២ អស់​មួយជីវិត​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114