BREAKING NEWS
Search

អាល្លឺម៉ង់​ផ្តល់​ថវិកា​១ លាន​អឺរ៉ូ​បន្ថែម​ទៀត​ដល់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​សម្រាប់​ផ្ទេរប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ

ភ្នំពេញ ​៖ ​លោក ស្រី​ដា អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​មានប្រសាសន៍ថា ​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន ១ លាន​អឺរ៉ូ​បន្ថែម​ទៀត​ដល់​ក​ម្ម​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដើម្បី​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ដល់​កម្មវិធី​ផ្ទេរប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ​។

ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន ប្រទេស​អាល្លឺម៉ង់​បាន​ចូលរួម​វិភាគទាន​ចំនួន ៧,១ លាន​អឺរ៉ូ (​ប្រមាណ ៨ លាន​ដុល្លារ​អាមេរិក​) និង​អូស្ត្រាលី ១៤ លាន​ដុល្លារ​អូស្ត្រាលី (​ប្រហែល ១០ លាន​ដុល្លារ​អាមេរិក​) ។

លោក​បាន​បន្ត​ថា ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អូស្ត្រាលី​បាន​នឹងកំពុង​ធ្វើការ​ជាមួយ​ក្រសួងផែនការ​តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ក្នុង​ការបង្កើត និង​ថែរក្សា​ប្រព័ន្ធ​សំរាប់​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រងគ្រោះ​។ ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ត្រូវបានធ្វើ​បច្ចុប្បន្ន​ភាពជា​ទៀងទាត់​។

លោក​បាន​បន្ថែម​ថា​« វា​មាន​ភាព​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការគ្រប់គ្រង​ការផ្ទេរ​សាច់ប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ខណៈ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ចំនួន ៥៦០.០០០ គ្រួសារ (២,៣ លាន​នាក់​) មាន​សិទ្ធិ​ទទួលបាន​ការផ្ទេរ​ប្រាក់​ថ្មី​នេះ​»​។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា «​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដោះស្រាយ​វិបត្តិ​សុខភាព​យ៉ាង​ជោគជ័យ​។ តាមរយៈ​ការ​គាំទ្រ​ដល់​គ្រួសារ​ក្រីក្រ កម្ពុជា​បង្ហាញ​ចំណាត់​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​គាំពារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​។ ប្រទេស​អាល្លឺម៉ង់​មាន​សេចក្តី​រីករាយ​នឹង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ​តាមរយៈ​ជំនាញ​បច្ចេកទេស​របស់ខ្លួន »​។

គួរ​បញ្ជាក់​ថា ​ក្នុង​កំឡុងពេល​មាន​វិបត្តិ​រាតត្បាត​ជម្ងឺ កូ​វីត ១៩ ប្រទេស​អាល្លឺម៉ង់​ក៏បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន ១,៥ លាន​អឺរ៉ូ​ដើម្បី​ពង្រឹង​ការ​ធ្វើ​វិភាគ​រក​មេរោគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114