BREAKING NEWS
Search

អាជ្ញាធរខេត្ត​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការកំណត់​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ដីធ្លី​នៅក្នុង​ស្រុក​សំឡូត

បាត់ដំបង ៖ នៅ​ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​បើក​នូវ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម​មនុស្ស​និង​អត្តសញ្ញាណ​កម្ម​ដីធ្លី​នៅក្នុង​ស្រុក​សំឡូត​ ដើម្បី​ធ្វើការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​និង​ស្តាប់​នូវ​មតិយោបល់​មួយចំនួន​ដើម្បី​ធ្វើការ​ពិចារណា​ខិតខំ​ស្វែងរក​នូវ​ដំណោះស្រាយ​វិធាន​ផ្លូវច្បាប់​លើ​បញ្ហា​ដី​ធ្លី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​សំឡូត​របស់​ខេត្តបាត់ដំបង​។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​សំឡូត​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ ​លោក​ជា សំអាង​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ ​អភិបាលរង​ខេត្ត​ទទួលបន្ទុក​និង​ជា​តំណាង​លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។

ក្នុង​នោះ​ក៏​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អេង ហុង ​មេបញ្ជាការ​រង​នៃ​យោធភូមិភាគ​ទី​៥​ព្រមទាំង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​លោក​នាយករង​រដ្ឋបាល​ខេត្ត​លោកនាយក​ស្តីទី​នៃ​ទីចាត់ការ​អន្តរ​វិស័យ​និង​អស់លោក​ដែល​ជា​អភិបាលស្រុក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​មេឃុំ​មេភូមិ​អនុ​មេភូមិ​និង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។

លោក​ជា សំអាង ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការរៀបចំ​ការប្រើប្រាស់​ដី​ធ្លី​ក្នុងស្រុក​សំឡូត​នេះ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​តាម​រយៈ​គោ​លន​យោ​យ​បាយ​ដ៏​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​។

លោក​បាន​បន្ត​ទៀត​ថា ការ​ដោះស្រាយ​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ឆាប់រហ័ស​ហើយ​មាន​ប្រសិទ្ធភាព​ភាព​ត្រឹមត្រូវ ​និង ​សុច្ចរិត​ភាព​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​រាជរ​ដ្ឋា​ភិ​បាល​។ លោក​សឿ​ម ប៊ុន​រិទ្ធ​ ក៏បាន​លើកឡើង​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី​នេះ​ អាជ្ញាធរ​ខេត្ត​ក៏បាន​ធ្វើការ​ស្នើសុំ​ជា​គោលការណ៍​ដល់​ក្រសួងបរិស្ថាន​ផងដែរ ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទន្ទឹម​នឹង​នោះ​អាជ្ញាធរ​ខេត្ត​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ទៀត​ក្នុង​ការ​ទប់ស្កាត់​ពី​ការទន្ទ្រាន​ដី​ព្រៃ​ ឬ ​ដី​គម្រប​បរិស្ថាន​ផ្សេងៗ​ទៀត​ក្នុងស្រុក​សំឡូត​។ ត្រូវ​មាន​វិធានការ​នូវ​ក្នុង​ការរៀបចំ​គម្រោង​បោះបង្គោល​ព្រំដី​រដ្ឋ​សម្រាប់​ធ្វើ​ការគ្រប់គ្រង​លើ​ដី​រដ្ឋ​ទាំងនោះ​ឲ្យ​បាន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​រំលោភបំពាន​បន្ត​ទៀត​ពី​សំណាក់​ជន​ណា​ម្នាក់​។

លោក​សឿ​ម ប៊ុន​រិ​ទ្ធិ​ ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កុំ​ឲ្យ​មានការ​ឃុបឃិត​គ្នា​ដើម្បី​កេងប្រវ័ញ្ច​ទាញ​យក​នូវ​ផលប្រយោជន៍​ដោយ​ប្រការ​ណាមួយ​ឲ្យ​សោះ​។ ដោយ​លោក​ព្រមាន​ថា បើសិនជា​រក​ឃើញ​ថា ​មាន​មន្ត្រី​ណា​មានការ​ឃុបឃិត​គ្នា​លាក់បាំង​ក្នុង​ការ​ប្រព្រឹត្ត​នូវ​ទង្វើ​ណាមួយ​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​នោះ​ទេ​៕
សៅ សារិទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114