BREAKING NEWS
Search

ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហម​ខេត្តតាកែវ

តាកែវ ​៖ ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង​នៅ​ស្រុក​ត្រាំកក់ បានទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ២០២០​។

អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​ដោយ​លោក ឡាយ សៅ​ឌេ នាយករង​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ តំណាង​លោក អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ជូន​ដល់​គ្រួសារ​លោក ខឹម រិ​ន និង​ភរិយា​ឈ្មោះ នួន មុំ ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ។

ក្នុង​ឱកាស​នោះ​ដែរ ​លោកនាយ​ករង​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា ជាពិសេស​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​ទទួលរង​គ្រោះ នៅ​គ្រប់​ទីកន្លែង​មិន​ប្រកាន់​និន្នាការ​ពូជសាសន៍ សាសនា អ្វី​ឡើយ ដូច​ពាក្យស្លោក ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ដែល​បាន​ផ្តល់​ជូន​រួមមាន អង្ករ​២៥​គីឡូក្រាម តង់​ធំ​១ កន្ទេល​១ មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ អាវយឺត​៥ សម្ភារ​:​ផ្ទះបាយ និង​បន្ថែម​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល និង​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ត្រាំកក់ បាន​ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕
វីរៈ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114