BREAKING NEWS
Search

សមត្ថកិច្ច​ថៃ​បញ្ជូន​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចំនួន​៤៤​នាក់ មក​ឲ្យ​កម្ពុជា​វិញ

ភ្នំពេញ​ ៖ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា នេះ​ថា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​អា​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចំនួន​៤៤​នាក់ មក​ឲ្យ​កម្ពុជា​វិញ​តាម​ច្រក​ចំនួន​២ គឺ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។

ក្នុង​នោះ​នៅ​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ទទួល​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចំនួន​០៥​នាក់ ពី​សមត្ថកិច្ច​ថៃ ហើយក៏​មានការ​ចូលរួម​ត្រួតពិនិត្យ​សុខភាព​ពី​ក្រុម​ច​ត្តា​ឡឺ​ស័ក​ផង​ដែរ​។ បើ​តាម​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង​០៥​នាក់​នោះ មាន ១-​ឈ្មោះ ស៊ិន ពិ​សិត ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​រំដួល ឃុំ​អង្គ​ជ័យ ស្រុក​អង្គ​ជ័យ ខេត្តកំពត​, ២-​ឈ្មោះ កែន ស្រ៊ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​សង្កែ ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត​, ៣-​ឈ្មោះ មាស ប៊ុន​ថា ភេទ​ស្រី អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ស្មាច់មានជ័យ ក្រុង​ខេនរ​ភូមិន្ទ ខេត្តកោះកុង​, ៤-​ឈ្មោះ ឆោម គឹម​ឈាន់ ភេទ​ស្រី អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​សែ ឃុំ​ទូក​មាស ស្រុក​ទូក​មាស ខេត្តកំពត និង​៥-​ឈ្មោះ យ៉ិ​ន ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​រំដួល ឃុំ​អង្គ​ជ័យ ស្រុក​អង្គ​ជ័យ ខេត្តកំពត​។

បន្ទាប់មក​កម្លាំង​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការសាកសួរ អប់រំ​ណែនាំ និង​មានការ​ចូលរួម​ត្រួតពិនិត្យ​សុខភាព រួមទាំង​ការអនុវត្ត​នីតិវិធី របស់​មន្ត្រី​ច​ត្តា​ឡឺស័ក​ប្រចាំ​មាត់ច្រក នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។

ចំណែក​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចំនួន​៣៩​នាក់ (​ស្រី​០៩​នាក់ និង​កុមារ​០៣​នាក់​) ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ ពលករ​ទាំងនេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចក្រ​ក ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់​ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារ​ព្រំដែន មិនទាន់​បើក​ឲ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ​ទេ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជា​ធម្មតា​៕
កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114