BREAKING NEWS
Search

អ្នក​បើក​គោយន្ត​កន្ត្រៃ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ ក្រឡាប់​បះជើង​របួសធ្ងន់​ស្រាល​១០​នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់​មាន​មនុស្ស​១០​នាក់ ​បាន​របួសធ្ងន់​និង​ស្រាល​ ខ​ណៈ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ដោយ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ករណី​គោយន្ត​កន្ត្រៃ​ក្រឡាប់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤និង៣០​នាទី​នា​រសៀល ​នា​ថ្ងៃទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០២០​នេះ ​នៅ​ចំណុច​ភូមិ​ភ្នំព្រឹក​ ឃុំ​ភ្នំព្រឹក​ បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​១០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។

តាម​សំដី​អ្នក​បាន​រួម​ដំណើរ​ដែល​រងរបួស​ស្រាល​បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​គោយន្ត​១​គ្រឿង​នេះ​បាន​ដឹក​អ្នកភូមិ​ទៅ​ចំការ​ដោយមាន​ឥវ៉ាន់​សំពីងសំពោង​ផង​នោះ ​ហើយ​អ្នក​បើកបរ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ​លុះដល់​ចំណុច​កើតហេតុ​ក៏​រ៉េ​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​តែម្តង​ ខណៈ​ដែលមាន​មនុស្ស​ច្រើន​កំពុង​ជិះ​លើ​រ៉ឺម៉ក​ខាងក្រោយ​ផង ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។

ប​ច្ចុ​ប្បន្ន ​អ្នករបួស​ត្រូវ​បាន​សម​ត្ថ​កិច្ច​ហៅ​រថយន្ត​ពេទ្យ​ឲ្យ​មក​ជួយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ​ចំណែក​គោយន្ត​កន្ត្រៃ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ភ្នំព្រឹក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។

សមត្ថកិច្ច​បន្ត​ថា ​ចំពោះ​អ្នក​ដែល​បាន​រង​របួស​ធ្ងន់ធ្ងរ​មកដល់ពេលនេះ​គ្រូពេទ្យ​កំពង់​សង្គ្រោះបន្ទាន់​ហើយក៏​មិន​ទាន់​មាន​អ្នក​ប៉ះពាល់​ដល់​ជីវិត​នៅឡើយ ​ព្រោះ​កំពុង​ឋិត​ក្រោម​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ ហើយ​បើសិនជា​ធ្ងន់ធ្ងរ​អាច​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ទាំងយប់​ផងដែរ​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114