BREAKING NEWS
Search

៤យ៉ាងកម្រមានអ្នកដឹងអំពីលោកប្រធានាធិបតីវៀតណាម Nguyen Phu Trong

កាលពីខែមេសាឆ្នាំ ២០១៨ រដ្ឋសភាជាតិរបស់ប្រទេសវៀតណាមបានជ្រើសរើសលោក Nguyen Phu Trong ឱ្យកាន់តំណែងជាអគ្គលេខាធិការគណបក្សសហគមន៍វៀតណាមនិងបានតែងតាំងលោកជាប្រធានាធិបតីរដ្ឋ។

ខាងក្រោមជារឿង ៤ យ៉ាង​ត្រូវដឹងអំពីប្រធានាធិបតីវៀតណាមរូបនេះ៖

១. តួនាទីប្រធានការិយាល័យនយោបាយ

លោក Nguyen Phu Trong កើតនៅរដ្ឋធានីហាណូយ ឆ្នាំ ១៩៤៤ ក្នុងគ្រួសារកសិករ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកបានធ្វើការឱ្យកាសែតកុម្មុយនីស្តដែលជាកាសែតនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។ នៅដើមទសវត្សឆ្នាំ ១៩៩០ លោកឡើងតួនាទីជានិពន្ធនាយកនៃកាសែតបក្សកុម្មុយនិស្តវៀតណាមនេះ។

ទោះបីឋានៈនេះហាក់ប្រសើរជាងមុនខ្លាំងក៏ដោយ តែបុរសរូបនេះ បានបន្តអភិវឌ្ឍខ្លួននិងរៀនសូត្រក្នុងនាមជាអ្នកសារព័ត៌មាននយោបាយវៀតណាម។

នៅឆ្នាំ ១៩៩៩ Nguyen Phu Trong ក្លាយជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម។ លោកធ្លាប់បម្រើការជាលេខាគណបក្សហាណូយមុនពេលដឹកនាំរដ្ឋសភារយៈពេល ២ អាណត្តិ។ នៅឆ្នាំ ២០១១ លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃគណបក្ស ហើយបានឈ្នះការបោះឆ្នោតម្តងទៀតនៅឆ្នាំ ២០១៦ ។

ក្រោយក្លាយជាលេខាធិការរបស់គណបក្សនៃគណៈកម្មាធិការយោធាមជ្ឈិម និងជាប្រធានការិយាល័យនយោបាយ Nguyen Phu Trong ក្លាយជាបុរសមានឥទ្ធិពលបំផុតនៅប្រទេសវៀតណាម ក្នុងតំណែងពីរស្របពេលតែមួយ។

២. ឈ្នះតំណែងប្រធានាធិបតី ៩៩,៧៩% សំឡេង

ដោយយសារ Nguyen Phu Trong ឈរជាស្ថាបត្យករដែលបង្ក្រាបអំពើពុករលួយនៅប្រទេសវៀតណាម លោកបានឈ្នះឆ្នោតជាប្រធានាធិបតីយ៉ាងភ្លូកទឹកភ្លូកដី។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានឈ្នះឆ្នោតដោយមានសំឡេងជំទាស់តែមួយប៉ុណ្ណោះ។

អ្នកកាសែតនៅហាណូយបានប្រៀបប្រដូចប្រធានាធិបតីថ្មីនេះ ទៅនឹងស្ថាបនិកបក្សកុម្មុយនិស្តវៀតណាមលោកហូជីមិញដែលបានទទួលមរណភាពក្នុងឆ្នាំ ១៩៦៩។ Nguyen Phu Trong មិនត្រឹមតែជាមេដឹកនាំកំពូលរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រមុខរដ្ឋ ព្រមទាំងជាអ្នកបង្រួបបង្រួមអំណាចនយោបាយផងដែរ។

៣. ប្រភពផ្លូវការថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល

នៅអំឡុងខែមេសា ឆ្នាំ ២០១៩ លោក Nguyen Phu Trong ឈប់បង្ហាញខ្លួនជាសាធារណៈ ធ្វើឲ្យប្រជាជនវៀតណាមមានការភិតភ័យគ្រប់គ្នា។ អាថ៌កំបាំងនៃការបាត់ខ្លួន ត្រូវបានបណ្តាញសង្គមសន្និដ្ឋានថា លោកអាចមានជំងឺធ្ងន់ធ្ងរ។

ប្រភពផ្លូវការបានលើកឡើងថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែក្រោយមកព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រនាធិបតីរូបនេះបានជាសះស្បើយ ប៉ុន្តែដៃម្ខាងរបស់លោកត្រូវពិការ។ ខណៈនោះប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាមបានផ្ទុះឡើង ការលើកទឹកចិត្តជាវិជ្ជមានសម្រាប់កំពូលមេដឹកនាំរបស់ខ្លួន។

៤. ជំរុញសហគ្រាសសេរី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចវៀតណាមហក់ឡើង

ទោះបីជាប្រទេសវៀតណាមជាប្រទេសកុម្មុយនិស្តក៏ដោយ ក៏ប្រទេសនេះបានអនុវត្តគោលនយោបាយលើកទឹកចិត្តដល់ការរីកចម្រើនអាជីវកម្មឯកជនផងដែរ។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong ប្រទេសវៀតណាមចង់សម្រេចគោលដៅមួយដែលមានអាជីវកម្មឯកជនចំនួន ១ លានអាជីវកម្ម  ខណៈក្នុងឆ្នាំ ២០១៨ រដ្ឋនេះមានអាជីវកម្មឯកជនតែ ៥០ ម៉ឺនប៉ុណ្ណោះ ។

ដំណោះស្រាយមួយដែលត្រូវបានស្នើឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមគឺលុបបំបាត់ឧបសគ្គលើវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ ដើម្បីឲ្យម្ចាស់អាជីវកម្មបានទទួលហិរញ្ញប្បទាន និងអាចបំពេញតម្រូវការជាមូលដ្ឋានរបស់ពួកគេ។

គោលនយោបាយថ្មីនេះបានលើកទឹកចិត្តដល់ការរីកចម្រើននៃការចាប់ផ្តើមអាជីវកម្មរបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវ័យក្មេងដែលទើបចេញពីសាកលវិទ្យាល័យផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ TREASURY VAULT

ចុចអាន៖  តារារ៉េប Kanye West ប្រកាសឈរឈ្មោះជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មីនេះ

ចុចអាន៖ ចង់ក្លាយជាអ្នកនយោបាយ? ជំនាញទាំងនេះ​អាចជួយជម្រុញ​ទៅរកបំណងប្រាថ្នាបាន