BREAKING NEWS
Search

ប្រមុខរាជរដ្ឋាភិបាលបន្តអំពាវនាវឲ្យការពារខ្លួនពីការឆ្លងកូវីដ១៩ និង កាត់បន្ថយការជួបជុំគ្នាទ្រង់ទ្រាយធំក្នុងថ្ងៃឈប់សម្រាកខាងមុខ

តាកែវ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩ដោយបន្តធ្វើការពាក់ ម៉ាក់ ។ ជាមួយនេះសម្តេចក៏បានស្នើសុំទៅបងប្អូនជនរួមជាតិទាំងអស់នៅថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំថ្មីខាងមុខសូមកាត់បន្ថយការជួបជុំគ្នាមានចំនួន ច្រើន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការអំពាវនាវជាថ្មីនេះនៅក្នុងពិធីសំណះសំណាលជាមួយកសិករនៅឃុំបានកាម ស្រុកព្រៃកប្បាស់ខេត្តតាកែវនាព្រឹកថ្ងៃទី ២០ ខែកក្កដា សម្តេចបានរម្លឹកប្រជាពលរដ្ឋឲ្យបន្តពាក់ម៉ាក់ ប្រសិនជាមិនសូវមានថវិកាទេឲ្យប្រើម៉ាក់ក្រម៉ា របស់ខ្មែរដែលម៉ាស់នោះអាចបោកទឹកបាននិង លាងដៃជា ជាមួយអាល់កុល ឬ ជែលលាងដៃតាមខ្លួនជាដើម។ការបន្តអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩ចំនួន២៦នាក់ទៀតនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបានផ្តល់ព័ត៌មានពីអ្នកឆ្លងថ្មី២៦នាក់នេះដល់សម្តេចតាំងពី យប់មិញម្ល៉េះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖«យប់មិញនេះធ្ងន់តែម្តងដល់ទៅ២៦នាក់» គ្រាន់តែឃើញតួលេខដែលក្រសួងសុខាភិបាលបានផ្តល់ឲ្យធ្វើឲ្យខ្ញុំស្លុតចិត្ត យ៉ាងខ្លាំងព្រោះវាជាករណីថ្មីដែលមានរហូតដល់ទៅ ២៦ នាក់ដែលជាចំនួនមួយដ៏ច្រើនធ្វើឲ្យកម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ឡើងដល់ ១៩៧ នាក់ ។តែយ៉ាងណាក៏ដោយសម្តេចបានអះអាងកូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេមូលហេតុអីបានខ្ញុំធានាថាមិនអាចសម្លាប់យើងបានធ្វើ យ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះមិនមែនគ្រាន់តែជាសក្ដានុពលតែវាក៏ជាឱកាសព្រមគ្នា ។

សម្តេចនាយករដ្ឋមន្រ្តីបន្តដោយមានការព្រួយបារម្ភថា៖យើងសង្កេតឃើញថាប្រជាពលរដ្ឋហាក់មានការធ្វេសប្រហែសបន្តិចដោយការពាក់ម៉ាស់កាន់តិចទៅ ៗ។ សម្តេចក៏បានបន្តអំពាវនាវក្នុងការឈប់សម្រាក៥ថ្ងៃខាងមុខចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ សម្តេចក្រើនរម្លឹកប្រជាពលរដ្ឋឲ្យជៀសវាងការ ប្រមូលផ្តុំទ្រង់ទ្រាយធំដើម្បីជៀសវាងការរីករាលនៃជំងឺកូវីដ-១៩។ សម្តេចបន្តថាកុំគិតថាប្រទេសខ្មែរក្តៅកូវីដមិនឆ្លងឲ្យសោះ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបន្ដការអំពាវនាវសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នជាមួយនឹងកូវីដ-១៩ ឥលូវនឹងពាក់ម៉ាស កាន់តែតិចទៅៗ មានការធ្វេសប្រហែស នៅពេលចូលឆ្នាំនេះច្បាស់ណាស់ប្រជាពលរដ្ឋ និងធ្វើដំណើរដើរលេង ក៏ប៉ុន្ដែបើចៀសវាងការប្រមូលផ្ដុំទ្រង់ទ្រាយធំ បាន កាន់តែជាការល្អ ដើម្បីជៀសវាងការរីករាលដាល នៃជំងឺកូវីដ-១៩»។

សម្តេចបានបន្តថាអ្នកឆ្លងកូវីដ១៩ សុទ្ធតែនាំចូលពីខាងក្រៅយើងមានការឆ្លងពីមនុស្សទៅម្នាក់តែមួយករណីប៉ុណ្ណោះគឺពីប្តីទៅ ប្រពន្ធដោយសារប្តីនោះទៅចូល រួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីហើយមកវិញក៏បានចម្លងទៅប្រពន្ធ។ចំណែកអ្នកឆ្លងថ្មីនេះមានជនជាតិខ្មែរ២៥ នាក់និងកូរ៉េម្នាក់ដែលជនជាតិខ្មែរជានិស្សិត ដែលមកពីក្រៅប្រទេសមានមកពីអេហ្សីព និង សហព័ន្ធរុស្សី ។ សម្តេចថ្លែងថាជានិស្សិតខ្មែរពួកគេត្រូវបញ្ចប់ការសិក្សាត្រូវវិលមកប្រទេសវិញបើយើងមិនទទួល តើឲ្យគ្នាទៅណា? ពេលមុនយើងមិនឲ្យនិស្សិតខ្មែរនៅម៉ាឡេស៊ីវិលមកស្រុក ដោយសារពេលនោះយើងមិនទាន់បានរៀបចំនិងត្រៀមការពារបាននៅឡើយតែឥ ឡូវយើងអាចឲ្យបងប្អូនវិលត្រឡប់មកវិញបាន ។ ទោះបីយ៉ាងនេះតែសម្តេចនៅតែអំពាវនាវឲ្យបានការពារខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យឆ្លង ជំងឺកូវីដ ១៩ ព្រោះដំណាក់កាលនេះមិនទាន់បញ្ចប់ទេប្រទេសខ្លះបើកហើយបិទវិញក៏មាន ។

សម្រាប់យើងគឺបើកឡើងវិញជាបណ្តើរៗសាលារៀនអន្តរជាតិត្រូវ អនុញ្ញាតឲ្យបើកឡើងវិញព្រោះកូនរបស់អ្នកវិនិយោគនិងអង្គទូតត្រូវការរៀនសូត្រហើយថ្នាក់ឧត្តមសិក្សា អាចធ្វើការប្រឡងបាន ។ សម្តេចបានថា៖«យើងសុខ ចិត្តទ្រាំបន្តិច ប៉ុន្តែយើងមានសុវត្តិភាព យើងធ្វើម៉េចកុំឲ្យប្រជាជនយើងណាម្នាក់ស្លាប់ដោយសារកូវីដ១៩ និង កុំឲ្យស្លាប់ដោយអត់បាយដែលយើងមិនបានដឹង» ពាក់ព័ន្ធបញ្ហាសម្តេចក៏បានស្នើឲ្យចៅហ្វាយខេត្តគ្រប់ខេត្តទាំងអស់ពិនិត្យមើលទៅលើបញ្ជីជនដែលត្រូវទទួលបានការជួយឧបត្ថម្ភពីរដ្ឋកុំឲ្យអ្នកក្រពិតប្រាកដ៏មិន បានទទួលបែរជាមិនក្របានទទួលឲ្យសោះ នេះជាភាពអយុត្តិធ៌មមួយដែលមិនត្រូវឲ្យកើតមាននោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថា៖«ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រកាសថានៅក្នុងខែកក្កដានេះយើងកើនពី៥៦ម៉ឺនគ្រួសារជាង(គ្រួសារ ក្រីក្រនិងងាយរងគ្រោះ) ទៅដល់ ៦១ ម៉ឺនគ្រួសារនឹងត្រូវចំណាយ ២៨ លានដុល្លារសម្រាប់ខែកក្កដានេះព្រោះយើងស្វែងរកឃើញគ្រួសារក្រីក្រថ្មីប្រមាណជាង ៥ម៉ឺនគ្រួសារបន្ថែមទៀតហើយនឹងបន្តរុករក ។ បើកូវីដមិនទាន់ថមថយទេយើងត្រូវនៅបន្តកម្មវិធីជំនួយសង្គមប៉ុន្តែមិនមែនបានសេចក្តីថារដ្ឋចិញ្ចឹមរហូតទេហើយ នេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ»។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅតែបញ្ជាក់ថាការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនេះមិនមែនធ្វើរហូតនោះទេគឺនឹងបញ្ចប់នៅពេល ជំងឺកូវីត១៩ ថមថយចុះហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះគឺក៏មិនមែនការចេញមុខចិញ្ចឹមទាំងស្រុងនោះដែរ តែគឺជាការប៉ះប៉ូវនូវអ្វីដែលខ្វះខាតនិងរងផលប៉ះពាល់ ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៩៧នាក់ដោយក្នុងនោះបានជាសះស្បើយ ១៤០ នាក់ ខណៈ៥៧នាក់ទៀត កំពុងសម្រាកព្យាបាល៕

អត្ថបទ៖ណារី