BREAKING NEWS
Search

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញការបណ្ដុះគំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្រឡាញ់បរិស្ថាន និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូចូលរួមបណ្តុះគំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យនាំគ្នាស្រលាញ់បរិស្ថាននៅជុំវិញខ្លួន ពិសេសដើមឈើ និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ធុងសំរាម ឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡា ដល់សាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ នាសាលាបឋមសិក្សាភ្នំដូនពេញ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានរាជធានី មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា និងលោកគ្រូអ្នកគ្រូ តំណាងក្រុមហ៊ុនកូកាកូឡា មួយចំនួន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ជួប ប៉ារីស៍ លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង។

ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់បន្ថែមថា បញ្ហាអនាម័យបរិស្ថាន មិនមែនជារបស់នណាម្នាក់នោះទេ គឺទាមទារឱ្យមានការចូលរួមសហការទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងមានសោភណ្ឌភាពល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។ ឯកឧត្តម បានបញ្ជាក់ថា បើគ្រប់គ្នាស្រលាញ់បរិស្ថាន ការពារនិងថែរក្សាព្រៃឈើឱ្យបានគង់វង្ស មិនត្រឹមតែបានផ្តល់ជាម្លប់ ទប់ស្កាត់គ្រោះធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជាជម្រកសត្វគ្រប់ប្រភេទ និងជាប្រយោជន៍ដល់មនុស្សជាតិថែមទៀតផង ។

ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការនេះ ហើយបានលើកឡើងថា ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ៕

 

 

ប្រភព៖ ក្រសួងបរិស្ថាន