BREAKING NEWS
Search

ចំណុចគួរពិចារណាមុនចង់ចាប់ផ្តើមធ្វើ Vlog ដោយខ្លួនឯង

គេហទំព័រយូធ្យូប (YouTube) បានក្លាយជារោងចក្រថាមពលឌីជីថលដ៏ពេញនិយមនាទសវត្សន៍ចុងក្រោយនេះ។ ក្រៅពីជាគេហទំព័រដែលមានអ្នកចូលមើលច្រើនបំផុតទី២ នៅលើអ៊ីនធឺណិត បន្ទាប់ពីហ្គូហ្គោល Vlog ឬប្លក់ជាវីដេអូនៅលើយូធ្យូប កំពុងកើនឡើងនូវចំនួនអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។

អ្វីទៅជា Vlog ? Vlog (Video Log) ជាវីដេអូមួយបង្កើតដោយនរណាម្នាក់ដែលជាម្ចាស់គណនីពីរឿងរ៉ាវជាច្រើនជុំវិញខ្លួន និងជាចំណែកមួយស្ថិតក្នុងវីដេអូផ្លូវការ។

ក្នុងស្រុកយើងបច្ចុប្បន្ន ក៏ស​ម្បូរអ្នកធ្វើ Vlog​ ច្រើនគួរសម និងក៏កំពុងទទួលបានការចូលចិត្តច្រើនពីយុវវ័យ។ Vlog មិនត្រឹមតែជួយកម្សាន្តអារម្មណ៍ និងអប់រំចណេះដឹងខ្លីៗប៉ុណ្ណោះទេ វាថែមទាំងជួយរកចំណូលដល់អ្នកបង្កើតវាផងដែរ។

ហេតុនេះ បើយើងចង់ចាប់ផ្តើមធ្វើ Vlog ដោយខ្លួនឯង អាចមកសិក្សាស្វែងយល់វិធីសាស្រ្តទាំង ៤ ខាងក្រោមនេះជាមួយគ្នាបាន៖

១. ស្វែងយល់ពីទស្សនិកជន

Vloggers ដែលទទួលបានជោគជ័យ ជាមនុស្សវៃឆ្លាតអាចបំពេញតម្រូវការរបស់ទស្សនិកជន។ ការផ្ដើមធ្វើ Vlog ដំបូងមិនមែនជាការគិតទៅលើកាមេរ៉ាប្រភេទណា ឬតម្លៃប៉ុន្មាននោះទេ។ ផ្ទុយទៅវិញ ត្រូវគិតថា គួរបង្កើតវីដេអូអ្វីដែលទស្សនិកចង់មើល ចង់ដឹង និងតម្លៃអាចរៀនសូត្រ។ បន្ទាប់ពីនោះ ត្រូវស្វែងយល់បន្ថែមថា តើទស្សនិកជនជានរណា វ័យប៉ុន្មាន និងអ្វីដែលពួកគេចង់បានពិតប្រាកដ?

២. រៀនពី Vlogger ជោគជ័យមួយចំនួន

សម្លឹងមើល Vlogger ដែលយើងចូលចិត្ត ហើយពិនិត្យភាពជោគជ័យលើបណ្តាញសង្គមរបស់ពួកគេ តើពួកគេធ្វើអ្វីខ្លះទម្រាំមានអ្នកតាមដានរាប់រយពាន់នាក់? តើពួកគេដោះស្រាយយ៉ាងណាជាមួយឧបសគ្គនានាដែលជួនប្រទះ? ការរៀនសូត្រពីបុគ្គលធ្លាប់ធ្វើ Vlog ជោគជ័យនឹងជួយជម្រុញទឹកចិត្តអ្នកក្រោយៗទៀត ឲ្យមានកម្លាំងកាន់តែពុះពោរឡើង។

៣. បង្កើត Vlog ដែលស្រដៀងនឹងចំណូលចិត្តរបស់ខ្លួន

កំហុសធំបំផុតមួយ ចំពោះអ្នកធ្វើ Vlog ថ្មីថ្មោង គឺមិនយល់ពីរបៀបដែល YouTube ដំណើរការ ហើយចេះតែធ្វើវីដេអូពីនេះពីនោះ តាមតែភាពល្បីរបស់អ្នកដទៃ។ ជាការល្អ ដើម្បីឲ្យវីដេអូមិនភ្លាវ Vlogger ទាំងអស់គួរជ្រើសរើសបង្កើតវីដេអូដែលស្របជាមួយចំណូលចិត្តរបស់ខ្លួន។ ឧទាហរណ៍ យើងចូលចិត្តតន្ត្រី ដូច្នេះ Vlog របស់យើងគួរតែនិយាយឧបករណ៍ភ្លេង និងចម្រៀង។ បើយើងចំណូលខាងចុងភៅ វាគួរតែមានវីដេអូនិយាយពីរបៀបធ្វើម្ហូប។ល។

៤. បង្កើតឆានែលយូធ្យូបជារបស់ខ្លួន

ក្រោយពីឆ្លងកាត់ដំណាក់កាលទាំងបីខាងលើ វាជាពេលដែលយើងត្រូវបង្កើតឆានែលយូធ្យូបជារបស់ខ្លួនដោយមានឈ្មោះ ឬយីហោផ្ទាល់ខ្លួន។ ការបង្កើតឆានែលយូធ្យូប គឺទុកសម្រាប់បង្ហោះវីដែអូរបស់យើង។ បន្ទាប់ពីនេះ យើងអាចស្នើសុំមិត្តភក្តិឬអ្នកស្គាល់ឲ្យជួយ Subscribe ដើម្បីឲ្យពួកគេទទួលបានវីដេអូថ្មីៗ។

កុំបារម្ភចំពោះការដែលគ្មានកាមេរ៉ាថ្លៃប្រើសម្រាប់ការថត យើងអាចថតដោយទូរសព្ទក៏បាន សំខាន់យើងផ្ទាល់មានឆន្ទៈធ្វើវាឲ្យដើរទៅមុខ៕

ប្រែសម្រួល៖ ស​ន្យា

ប្រភព៖ mwh

ចុចអាន៖  តើអ្វីជាCloudក្នុងឧស្សហកម្មតិចណូឡូជី? សំខាន់អ្វីដែរចំពោះគ្រប់គ្នា?

ចុចអាន៖ ការងារប្រាក់ខែ​ខ្ពស់​ ដែលសក្តិសម​ជាមួយអ្នកស្ទាត់ជំនាញ​ភាសាបរទេស