BREAKING NEWS
Search

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ពូជ​ដំណាំ ជី និង​ថ្នាំ​កសិកម្ម ដល់​ប្រជាកសិករ​ខេត្ត​ប៉ៃលិន ចំនួន​២៥៧​គ្រួសារ ​

​ប៉ៃលិន ​៖ តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០ ២០ លោក ផាន់ ចាន់​ធុល បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​ពូជ​ពោត ស្រូវ ជី និង​ថ្នាំ​កសិកម្ម ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ប្រជាកសិករ​ចំនួន​២៥៧​គ្រួសារ ក្នុង​ខេត្ត​ប៉ៃលិន។ ​ក្នុង​នោះ បន្ទាប់ពី​ដំណាំ​របស់​ពួកគាត់ ទទួល​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ ដោយ​គ្រោះធម្មជាតិ នា​ពេល​កន្លងមក​។

​ពិធី​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោកស្រី​អភិបាលរង​ខេត្ត ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត និង​ប្រជាកសិករ​ជាច្រើន​នាក់​ផងដែរ​។

មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ អាកាសធាតុ​ទូទាំង​ពិភពលោក មានការ​ប្រែប្រួល និង​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កសិកម្ម។ ជាក់ស្ដែង​ នៅ​ខេត្ត​ប៉ៃលិន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង ដូច​ជា​អាកាសធាតុ​ក្តៅ​ខ្លាំង ភ្លៀង​ធ្លាក់​មាន​ចំនួន​តិច ដែល​បញ្ហា​នេះ បាន​ធ្វើឲ្យ​ផលដំណាំ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទទួលរង​ការ​ខូចខាត។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវតែ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ធម្មជាតិ និង​ត្រូវ​ដាំ​ដំណាំ​ណា​ដែល​ត្រូវការ​ទឹក​តិច ឬ​ប្រើប្រាស់​ពូជ​ដំណាំ​ណា​ដែល​ធន់​នឹង​ភាព​រាំងស្ងួត និង​ធន់​នឹង​ភាព​ជាំ​ទឹក អាស្រ័យ​ទៅ​នឹង​ស្ថានភាព​ដី​របស់​ខ្លួន។

លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់ទុក​វិស័យ​កសិកម្ម ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដើម្បី​ស្តារ​ខឿន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​រីកចម្រើន។ ព្រោះថា​ប្រទេស​យើង ជា​ប្រទេស​ដែល​មាន​សក្ដានុពល​លើ​ផ្នែក​កសិកម្ម ដោយ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ ជា​កសិករ ប្រកប​របរ​កសិកម្ម ដូចនេះ​ការឧបត្ថម្ភ​ពូជ​ពោត និង​ពូជ​​ស្រូវ ដល់​កសិករ​រងគ្រោះ​នាពេលនេះ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ដល់​កសិករ ក្នុង​ការ​បង្កបង្កើនផល​រដូវ​កាល​ថ្មី ឲ្យ​បាន​ទាន់​ពេល​វេលា​។​

ជា​មួយ​គ្នា​នេះ​ លោក ផាន់ ចាន់​ធុល ក៏បាន​ណែនាំ​ដល់​ប្រជាកសិករ​យើង​ទាំងអស់ ត្រូវ​ចងក្រង​គ្នា ជា​សហគមន៍​កសិកម្ម ដែល​យើង​អាច​ដាំ​ដុះ​ដំណាំ​ទៅតាម​តម្រូវការ​ទីផ្សារ និង​តាម​កិច្ចសន្យា ព្រម​ទាំង​មានលទ្ធភាព​ចរចា​តម្លៃ ជាមួយ​ក្រុមហ៊ុន ធានា​បាន​នូវ​តម្លៃ​មួយ​សមរម្យ ដែល​ប្រជាកសិករ​យើង​អាច​ទទួលយកបាន ហើយ​យើង​ក៏​មាន​និរន្តរភាព​លើ​ទីផ្សារ​លក់​កសិផល​របស់​យើង​ផងដែរ​។​

សូម​បញ្ជាក់​ថា បើ​តាម​ការ​ធ្វើ​របាយការណ៍​របស់ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឲ្យ​ដឹងថា​ ផ្ទៃដី​ខូចខាត​ដំណាំ​ដោយ​គ្រោះ​រាំងស្ងួត និង​សត្វល្អិត​បំផ្លាញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​រួមមាន​ ៖ -​ស្រូវ​រដូវប្រាំង ​ខូចខាត​ដោយ​គ្រោះ​រាំង​ស្ងួត​ចំនួន​២៥៤ ហ​.​ត ស្មើនឹង ៦៧.៧៤% នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប។
-​ដំណាំ​ពោតក្រហម ​ខូចខាត​ដោយ​គ្រោះរាំងស្ងួត​ចំនួន​២៨៨ ហ​.​ត និង​ខូចខាត​ដោយ​ដង្កូវ​ហ្វូង​ចំនួន ៤ ០០២​ហ​.​ត ស្មើនឹង ៧៨.១៤% នៃ​ផ្ទៃដី​ដាំ​ដុះ។
-​ដំណាំ​ដំឡូង​មី​ខូចខាត ដោយ​គ្រោះរាំងស្ងួត​ចំនួន ៣៩៧ ហ​.​ត ស្មើនឹង​១% នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប និង​ដំណាំ​ដូងប្រេង​ខូចខាត ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤០​ហ​.​ត ស្មើនឹង​១០០% នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​។

ចំណែក​ពូជ​ដំណាំ និង​ថ្នាំ​ជី​កសិកម្ម ដែល​ចែក​ជូន​កសិករ​រងគ្រោះ​ធម្មជាតិ​នាពេលនេះ​ សរុប​ចំនួន ៦​ឃុំ​/​សង្កាត់ ស្មើនឹង ២៥៧​គ្រួសារ និង​សហគមន៍​កសិកម្ម​មួយចំនួន​នាពេលនេះ​រួមមាន ​៖ -​ពូជ​ពោត​ស៊ី​ភី​៦៣៩ ចំនួន ២៥០ ការុង ស្មើនឹង ២.៥០ តោន -​ពូជស្រូវ​សែន​ក្រអូប ចំនួន ៦២ ការុង ស្មើ​នឹង ២.៥ តោន -​ពូជ​បន្លែ ចំនួន ២៤០ កញ្ចប់ ស្មើនឹង ៨០​គីឡូក្រាម -​ជីកំប៉ុស និង​ជីគីមី ចំនួន ៨០ ការុង ស្មើនឹង ៤ តោន -​ថ្នាំ​សម្លាប់​សត្វល្អិត ចំនួន ៨៩០ ដប ស្មើនឹង ១០​កេស និង​សម្ភារៈ​ចិញ្ចឹមសត្វ ចំនួន​១៨ កញ្ចប់​ផងដែរ​៕​
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114