BREAKING NEWS
Search

ការពន្យល់៤យ៉ាង អំពីមូលហេតុដែលមនុស្ស​យើងងាយ​ភ្លេច

ពិចារណាឡើងវិញពីមូលហេតុ ដែលជាញឹកញាប់យើង​បាន​ភ្លេចអ្វីដែលសំខាន់មួយបាន។ ភ្លេចឈ្មោះនរណាម្នាក់ពីអតីតកាល ភ្លេច​ពាក្យដែលចង់ប្រើ ឬភ្លេចការណាត់ ភ្លេច​ថ្ងៃកំណើតរបស់មិត្តល្អ ។ល។

ការភ្លេចភ្លាំងគឺជាបញ្ហាទូទៅមួយ ដែលអាចមានទាំងផលវិបាកបន្ទាប់បន្សំនិងរហូត​ដល់ធ្ងន់ធ្ងរ។

ហេតុអ្វីយើងភ្លេច?

អ្នកស្រាវជ្រាវ អំពីប្រព័ន្ធការចងចាំដ៏ល្បីម្នាក់ វេជ្ជ. អេលីសាបិតឡប៊ូស Elizabeth Loftus បានរកឃើញមូលហេតុធំ ៗ ចំនួន ៤ ដែលធ្វើឱ្យមនុស្សភ្លេចភ្លាំង៖

១ ការបរាជ័យក្នុងការចងចាំ

ប្រហែលជាជួនយើង​ដឹងថា មានរឿងអ្វីមួយ​ដែលគួរចាំ តែរកនឹកមិនឃើញ។ អសមត្ថភាពក្នុងការទាញយកការចងចាំ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃជំងឺភ្លេច។

ការពន្យល់មួយ គឺ​បរាជ័យក្នុងការទៅយកមកវិញនូវព័ត៌មាន​ផ្ទុក មកតែពី​ដាននៃការចងចាំមនុស្ស​នោះ​ឆាប់រសាត់បាត់ពិបាកប្រមូលមកវិញ ដែល​ការស្រាវជ្រាវបានបង្ហាញថា សម្រាប់អ្នកដែលផ្នែកនេះមានសមត្ថភាពល្អ សូម្បីតែការចងចាំដែលមិនបានហាត់សម ទន្ទេញ ក៏ដោយក៏មានស្ថេរភាពនៅបានយូរ​​គួរឱ្យកត់សម្គាល់។

២ ការជ្រៀតជ្រែក

ទ្រឹស្តីមួយទៀតដែលគេហៅថាភ្លេច​ព្រោះមាន​ព័ត៌មាន​ជ្រៀតជ្រែកបង្ហាញថា ការចងចាំខ្លះប្រកួតប្រជែងជាមួយនឹង​ការចងចាំផ្សេងទៀត។ នៅពេលព័ត៌មានស្រដៀងនឹងព័ត៌មានផ្សេងទៀតដែលត្រូវបានរក្សាទុកក្នុងសតិពេលវេលា​ជាមួយគ្នា ការជ្រៀតជ្រែកទំនងជានឹងកើតឡើង។

ការជ្រៀតជ្រែកមានពីរមូលដ្ឋាន៖

ការជ្រៀតជ្រែកសកម្ម គឺនៅពេលដែលការចងចាំចាស់ធ្ងន់ពេក ពិបាកក្នុងការ​ចងចាំការចងចាំរឿង​ថ្មី។
ការជ្រៀតជ្រែកសកម្មកើតឡើងនៅពេលព័ត៌មានថ្មីរំខានដល់សមត្ថភាពក្នុងការផ្ទុកការ​ចងចាំពីមុន។
យើង​អាចធ្វើការ​កាត់បន្ថយផលប៉ះពាល់នេះដោយ​ហាត់សមទទួលព័ត៌មានថ្មីៗជារឿយៗគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដោយមិនព្រមចោល​ព័ត៌មានចាស់ផងដែរ ដែល​ជួយមិនឱ្យមាន​ការ​ប្រកួតប្រជែងរវាងការចងចាំចាស់ជាមួយព័ត៌មានថ្មីៗទេ។

៣ បរាជ័យក្នុងការផ្ទុក

ពេលខ្លះការបាត់បង់ព័ត៌មានមិនសូវទាក់ទងនឹងការភ្លេចភ្លាំងទេ ព្រោះព័ត៌មាន​មិនដែលអាចផ្ទុកចូលបានតាំងពីដំបូង។ ការបរាជ័យក្នុងការដាក់ព័ត៌មាន​ថ្មី (ស្តាប់មិនចូល)ពេលខ្លះរារាំងព័ត៌មានទាំងស្រុងឬភាគរយច្រើន។ មធ្យោបាយដោះស្រាយគឺការសមាធិ និងបង្វឹក វិធីផ្តោតអារម្មណ៍ឡើងវិ​ញ  ព្រោះមនុស្ស​ខ្លះបណ្តោយ​បញ្ហា​នេះ​ឱ្យទៅជាបញ្ហាធំ​នៃការផ្តោត រហូតដល់មានទម្លាប់មិនចង់ដឹង មិនចង់ឮ​ ។

៤ ជម្រុញឱ្យបំភ្លេច

ពេលខ្លះយើងអាចធ្វើការយ៉ាងសកម្មដើម្បីបំភ្លេចអនុស្សាវរីយ៍នានា ជាពិសេសព្រឹត្តិការណ៍រំជើបរំជួលឬការរំខាននិងការឈឺចាប់ដែលយើង​គិតថា អាចធ្វើឱ្យតូចចិត្តនិងថប់បារម្ភ។ ដូច្នេះមានពេលខ្លះយើងចង់លុបបំបាត់ការចងចាំទាំងប៉ុន្មាននោះ។

ទម្រង់មូលដ្ឋានគ្រឹះនេះគឺ​ការជម្រុញឱ្យខួរក្បាលបំភ្លេចចោល បង្ក្រាបនិង​បង្ខំឱ្យលុបចោលពុំមែនភ្លេចទេ។​ ទោះជាយ៉ាងណាក៏ដោយគំនិតនៃការចងចាំដែលត្រូវបានបង្ក្រាប មិនត្រូវបានទទួលយកជាសកលដោយចិត្តវិទូឡើយ បញ្ហាមួយក្នុងចំណោមការចងចាំដែលត្រូវបានសង្កត់ឱ្យលុប គឺពិបាកធ្វើទៅបានហើយ​បង្កបញ្ហាដល់ផ្លូវចិត្តផង។

ខណៈពេលដែលការភ្លេច មិនមែនជាអ្វីដែលគ្រប់គ្នាអាចជៀសវាងបាន ឬគ្រប់គ្រងបាន១០០ភាគរយ ការស្វែងយល់ពីហេតុផលវា អាចមានប្រយោជន៍ច្រើន  ដែលជះឥទ្ធិពលដល់យុទ្ធសាស្ត្របង្កើនការចងចាំរបស់យើង ដោយការសមាធិនិងតាំងចិត្តឱ្យបាននឹងនរ។

ដោយ សុភា

ប្រភព Lifehake 

ចុចអាន ធ្លាប់បានត្រឹមគិត ហើយមិនដែលក្រោកមកធ្វើសកម្មភាព? មានវិធីផ្លាស់ប្តូរ

ចុចអាន បុគ្គលិកខ្លះមាន​ឋានៈស្មើឬទាបជាងអ្នក តែមានឥទ្ធិពលខ្លាំងជាងនៅក្រុមហ៊ុនព្រោះ….