BREAKING NEWS
Search

ស្រូវ​ជាង​៣​ពាន់​ហិកតា​ នៅ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក បាន​សង្គ្រោះ​រួចរាល់​ដោយ​កង​អន្តរាគមន៍​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន​

កំពង់ធំ ៖ ការ​ជួយ​អន្តរាគមន៍​ពី​កង​អន្តរាគមន៍​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ស្រូវ​របស់​ប្រជាពល​រដ្ឋ​ ក្នុងស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ជាង​៣​ពាន់​ហិកតា​ បាន​ជួយសង្គ្រោះ​ទាន់​ពេល​វេលា​ហើយ។ ដែល​ការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​នា​ឱកាស​នេះ​ ពិតជា​បាន​ជួយ​រួមចំណែក​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​កសិកម្ម​នៅ​ក្នុង​បរិបទ​ នៃ​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​។​

លោក ថោង ខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក រួម​ទាំង​ប្រជាពលរដ្ឋ​ មាន​ភាព​ត្រេកអរ​ជាអនេក ព្រម​ទាំង​បាន​ថ្លែងអំណរគុណ​ដល់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចាត់​ឲ្យ​ នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ​បញ្ជា​កង​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​។

ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ធំ បាន​ថ្លែងអំណរគុណ​យ៉ាង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២០​ ក្នុង​ឱកាស​ដែល​ លោក​អញ្ជើញ​ជា​អធិបតីភាព​បិទ​យុទ្ធនាការ​បូម​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ស្រុក​បារាយណ៍ និង​ស្រុក​តាំង​គោក​។

ជាង​នេះ​ទៅ​ទៀត​ លោក​បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា សកម្មភាព​ដ៏​ថ្លៃថ្លា​របស់​កង​អន្តរាគមន៍​ជួយ​នាំ​ទឹក​ស្រោចស្រព​ដល់​ស្រូវ​ប្រជាកសិករ​ពេលនេះ ​គឺ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​ដ៏​ឈ្លាសវៃ ​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ការ​លំបាក ដោយ​ សម្ដេច ​មិនដែល​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ទុក្ខ​លំបាក​ឡើយ​។ ​ការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​នាឱកាស​នេះ​ ពិតជា​បាន​ជួយ​រួមចំណែក​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​កសិកម្ម​នៅ​ក្នុង​បរិបទ​ នៃ​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​។​

ទន្ទឹម​នឹង​នោះ លោក​ ថោង ខុន ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់ស្កាត់ ​ការ​រីក​រាល​ដាល ​នៃ​ជំងឺ​កូ​វីដ-​១៩ ក្នុងនោះ ថែរក្សា​សុខភាព​ដោយ​ការ​លាង​សំអាត​ដៃ ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។​

ជាមួយគ្នា​នោះ​ដែរ​ លោក​អភិបាលស្រុក​តាំង​គោក អភិបាលស្រុក​បារាយណ៍ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​វិធានការ​បញ្ជូន​ក​ង​កម្លាំង ​នៃ​កង​អន្តរាគមន៍​ពិសេស ចុះ​មក​ជួយ​បូម​ទឹក​បញ្ចូល​ប្រឡាយ និង​ប្រព័ន្ធ​ធារា​សាស្ត្រ​នានា ​ដើម្បី​បន្ត​នាំទៅ​ស្រោចស្រព ស្រែ​ស្រូវ​របស់​ប្រជាកសិករ ដែល​ជួប​នូវ​ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ផលដំណាំ​កសិកម្ម​នា​រដូវ​បង្កបង្កើនផល​កន្លងមក និង​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា នូវ​អាណត្តិ​បន្តបន្ទាប់​ទៀត​ផង​ដែរ​។​

គួរ​កត់​សម្គាល់​ថា នៅ​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ និង​ជូន​ដំណើរ​វិលត្រឡប់​របស់​កង​អន្តរាគមន៍​ សម្ដេច​តេ​ជោ​ នេះ ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​ទឹកចិត្ត​ នឹករលឹក និង​អរគុណ​ដោយ​ស្មោះ​ ដោយ​បាន​នាំមក​នូវ​របស់របរ​កំដរដៃ អនុស្សាវរីយ ជា​ផ្លែឈើ នំអន្សម មាន់​ទា ជាច្រើន​ផង​ដែរ​។

ព្រម​ជា​មួយ​នោះ ​ក្នុង​ការ​ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយណ៍ និង​ស្រុក​តាំង​គោក​ លោក ថោង ខុន លោក សុខ លូ និង​សប្បុរសជន​នានា ក៏បាន​ជួយឧបត្ថម្ភ​ប្រេងឥន្ធនៈ​សរុប​ទាំង​អស់ ២០,៦៦៩​លីត្រ និង​ថវិកា​ប្រមាណ​៥​ពាន់​ដុល្លារ​ផង​ដែរ។

នៅ​ក្នុង​ឱកាស​នោះ​ លោក ​ថោង ខុន ក៏បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ចូលរួម​២០០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ ទទួល​បាន​សារុង​០១ ថ្នាំពេទ្យ TIFFY ០៣​បន្ទះ និង​ ថវិកា​០២​ម៉ឺន​រៀល និង​ជូន​ក្រុម​អន្តរាគមន៍​បូម​ទឹក​៣៥​នាក់ ​ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ពូជ​ដំណាំ ជី និង​ថ្នាំ​កសិកម្ម ដល់​ប្រជាកសិករ​ខេត្ត​ប៉ៃលិន ចំនួន​២៥៧​គ្រួសារ ​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114