BREAKING NEWS
Search

កសិករ​រស់នៅ​ស្រុក​ត្បែងមានជ័យ​ ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​ក្នុង​តង់​ប្លាស្ទិក​ ទទួល​ផល​ជិត​៣៥លានរៀលក្នុងឆ្នាំ

​ព្រះវិហារ ៖ កសិករ​រស់នៅ​ក្នុង​ភូមិ​ពោធិ៍​ឃឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ប្លែក​ពី​គេ ​ដោយ​គាត់​ប្រកបរបរ​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង ​ក្នុង​តង់​ប្លា​ស្ទិ​ក ដែល​ជា​មធ្យម​អាច​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​ បាន​ក្នុង​មួយ​ឆ្នាំ​៣​ដង ហើយ​ទទួល​ផល​ក្នុង​១​ឆ្នាំ​ប្រមាណ​ជិត​៣៥លាន​រៀល ទាំង​មិន​នឹកស្មាន​ដល់​។

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ ដែល​ឃើញ​កសិករ​ប្រកប​របរ​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​ក្នុង​តង់​ប្លាស្ទិក​ឈ្មោះ អ៊ុ ហុក​លី រស់នៅក្នុង​ភូមិ​ពោធិ៍​ឃឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​ ដែល​បាន​ចាប់​ផ្តើម​សាកល្បង​ចិញ្ចឹម​កង្កែប ​ក្នុង​តង់​ផ្លា​ស្ទិ​កនៅ​ឆ្នាំ​២០១៨ ចំនួន​០៥​តង់ សរុប​៦០​ម៉ែត្រក្រឡា និង​ចិញ្ចឹម​ត្រី​អណ្តែង ​ក្នុង​តង់​ប្លា​ស្ទិ​ក​ចំនួន​០២​តង់ សរុប​៤០​ម៉ែត្រក្រឡា​។ ជា​មធ្យម​លោក អាច​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​បាន​ក្នុង​មួយឆ្នាំ​៣​ដង ក្នុង​នោះ​កង្កែប​អាច​ចាប់​លក់​បាន​១៨០០​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ ទទួល​បាន​ប្រាក់ចំណេញ​ប្រមាណ ១០,៥​លាន​រៀល និង​ត្រី​អណ្តែង​អាច​ចាប់​លក់​បាន​២៧០០​គីឡូក្រាម​ក្នុង​មួយឆ្នាំ នឹង​ទទួល​បាន​ប្រាក់ចំណេញ​ប្រមាណ​ជាង​២៤​លាន​រៀល យ៉ាង​ច្រើន​បែបនេះ​។

​នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ និង​ចែក​តង់​ប្លាស្ទិក កូន​ត្រី​អណ្តែង កូន​កង្កែប និង​ចំណី​ត្រី ដល់​កសិករ​ចំនួន ៥០​គ្រួសារ នៅ​ភូមិ​ពោធិ​ឃឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២០​នេះ​ផង​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ដល់​ប្រជាកសិករ​ទាំងអស់ ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លោក​ទាំងពីរ​តែងតែ​នឹករលឹក និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​។

​នៅ​ក្នុង​បរិ​ការណ៍​នៃ​បញ្ហា​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ដើម្បី​ធានា​សន្តិសុខ​ស្បៀង បង្កើន​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាកសិករ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធនា​ការ​ជំរុញ​ការអនុវត្ត​សកម្មភាព​វារីវប្បកម្ម​នៅ​ទូទាំង​ប្រទេស ជាក់ស្តែង​នៅ​ថ្ងៃ​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​នាំយកមក​នូវ សម្ភារៈ​មួយចំនួន​ដើម្បី​ចែក​ជូន​កសិករ​ជា​និម្មិត​រូប​ចំនួន​៥០​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន កូន​ត្រី​អណ្តែង ៧០០​ក្បាល ឬ​កូន​កង្កែប​៤០០​ក្បាល និង​ចំណី​ចំនួន​១០០​គីឡូក្រាម​។ ជាងនេះទៅទៀត​លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​កសិករ​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ចិញ្ចឹម​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​ឲ្យ​បាន​ពេញលេញ ហើយ​លោក ក៏បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អាជ្ញា​ធរខេត្ត មេត្តា​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ឲ្យ​បាន​ពេញលេញ និង​តាមដាន​ពិនិត្ យ​ក្នុង​ករណី​កសិករ​ជួប​បញ្ហា​ប្រឈម​នានា ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេលវេលា ហើយក៏​ត្រូវ​រៀបចំ​យន្តការ​ដោះស្រាយ​ទីផ្សារ​ជូន​កសិករ ជៀសវាង​បញ្ហា​អស្ថេរ​ភាព​តម្លៃ​៕
អត្ថបទ៖ ឧ​ត្ត​រ៉ា
សូមចុចអាន៖ ​កសិករ​ចិញ្ចឹម​ទាយក​ស៊ុត​ជាង​២ពាន់​ក្បាល​ នៅ​ក្រុង​សំរោង ​អាច​រក​ប្រាក់​ចំណេញ​បាន​ចន្លោះ​ពី​២៩​ទៅ​៣០​ម៉ឺន​រៀល ​ក្នុង​១​ថ្ងៃ