BREAKING NEWS
Search

មកដឹងប្រវត្តិអតីតម្ចាស់ជើងឯកខ្សែក្រវាត់កីឡាកាស Dwayne Johnson

តារាសម្តែង ផលិតករ និងអ្នកកីឡាកាសអាជីពអាមេរិកលោក Dwayne Johnson ត្រូវបានមនុស្សស្ទើរទូទាំងពិភណលោកស្គាល់តាមរយៈកម្មវិធីប្រកួតកីឡាកាស “The Rock” ។ ប៉ុន្តែថ្មីៗនេះ លោកត្រូវបានគេដឹងថា ជាតារាសម្តែងដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយរូបនៅលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទស្សាវដ្ដី Forbes ។

តាមការប៉ាន់ប្រមាណរបស់ទស្សនាវដ្ដីដដែល គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Dwayne Johnson មានចំនួន ៣២០ លានដុល្លារ។

តើអតីតកីឡាករបោកចំបាប់រូបនេះមានខ្សែជីវិតដំបូងបែបណា មុនត្រូវបានទទួលស្គាល់ជាអន្តរជាតិដូចសព្វថ្ងៃ?

Dwayne Johnson កើតថ្ងៃទី ២ ខែឧសភាឆ្នាំ ១៩៧២ នៅក្រុង Hayward រដ្ឋកាលីហ្វ័រញ៉ា។ គ្រួសាររបស់លោក ជាខ្សែស្រឡាយបោកចំបាប់មួយ ដែលមានឪពុកនិងជីតាសុទ្ធតែជាអតីតអ្នកចំបាប់អាជីព ហើយសូម្បីតែជីដូនក៏ជាអ្នកផ្សព្វផ្សាយកីឡាបោកចំបាប់ដែរ។

Dwayne Johnson ធ្លាប់រស់នៅប្រទេសនូវែលហ្សេឡង់ជាមួយគ្រួសារខាងម្តាយក្នុងរយៈពេលខ្លីកាលពីនៅក្មេង។ ប៉ុន្តែលោកបានត្រឡប់មកសហរដ្ឋអាមេរិកវិញ ពេលរៀនថ្នាក់ទី ១០ នៅវិទ្យាល័យមួយ ក្នុងរដ្ឋហាវ៉ៃ។

នៅឆ្នាំបន្ទាប់ តារាសាច់ដុំរូបនេះ បានទទួលអាហារូបករណ៍បាល់ទាត់ពីសាកលវិទ្យាល័យ Miami និងក្លាយជាកីឡាជម្រើសក្រុមជើងឯកជាតិនៅឯទីក្រុងដដែលនេះ ប៉ុន្តែលោកមិនអាចទៅលេងបានដោយសារតែមានបញ្ហារបួស។ បន្ទាប់ពីបញ្ចប់ការសិក្សា Dwayne បានផ្លាស់ទៅប្រទេសកាណាដាដើម្បីចូលរួមជាមួយក្រុមកីឡាបាល់ទាត់ Calgary Stampeders នៅក្នុងក្លឹប CFL ។

អំពីអាជីព

ក្នុងឆ្នាំ ១៩៩៦ តារាប្រុសបញ្ចូលសំឡេងរឿង Moana រូបនេះ បានព្យាយាមបោកចំបាប់ជាច្រើននៅក្នុងកម្មវិធី WWF (World Wide Fund for Nature) ដែលក្នុងនោះលោកឈ្នះការប្រកួតតែម្ដងគត់ និងចាញ់ពីរដង ប៉ុន្តែនៅចុងឆ្នាំដដែល  Dwayne បានចុះកិច្ចសន្យាជាមួយអង្គការ WWF។

Dwayne Johnson បង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធីប្រកួតកីឡាកាស WWE ក្នុងឆ្នាំ ១៩៩៦ និងបានឈ្នះការប្រកួតជាបន្តបន្ទាប់ រហូតឆ្នាំ ២០០២ លោកត្រូវបានគេដាក់ឈ្មោះថា “មនុស្សជើងឯក’” (The People’s Champion)។

ដោយឡែក ខ្សែភាពយន្តធំៗរបស់ Dwayne Johnson ដែលបានសម្តែងរយៈពេលច្រើនឆ្នាំមកនេះរួមមាន៖ Central Intelligence (២០១៦), Baywatch (២០១៧), San Andreas (២០១៥), Moana (២០១៦), Hercules (២០១៤), Furious 7 (២០១៥), Pain & Gain (២០១៣), The Scorpion King (២០០២), Snitch (២០១៣), Skyscraper (២០១៨) និង Jumanji (២០១៧) ។ល។

តើ Dwayne Johnson ចំណាយប្រាក់របស់ខ្លួនដូចម្តេច?

Dwayne Johnson ជាកំពូលតារាដែលរកចំណូលបានច្រើនបំផុតមួយរូបនៅពិភពហូលីវូដ។ តាមរយៈការសម្តែង ការផលិតកម្មវិធីទូរទស្សន៍ និងកិច្ចសន្យាផ្សាយនានា លោកកើបលុយមិនតិចទេក្នុងមួយឆ្នាំៗ។

នៅឆ្នាំ ២០០៦ លោកបានបង្កើតមូលនិធិ Dwayne Johnson Rock Foundation ជាមូលនិធិសប្បុរសធម៌ដែលធ្វើការជាមួយកុមារពិការភាពដើម្បីលើកស្ទួយសមត្ថភាព និងជួយផ្តត់ផ្គង់ដល់ការរស់នៅរបស់ពួកគេ។

ចំពោះចំណាយផ្សេងទៀត តួឯករឿង Furious រូបនេះ មានការចំណាយប្លែកពីគេមួយនោះគឺ លោករមែងចាយលុយជាច្រើនទៅលើម្ហូបអាហារប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃលោកញ៉ាំអាហារប្រហែល ១០ ផោន ( ជាង ៤,៥ គីឡូក្រាម) ឯណោះ។

ក្រភពីនោះ តារាហូលីវូដរូបនេះចូលចិត្តជះលុយទិញឡានធុនធំៗដូចជា Ford F-150 និងកែច្នៃវាជារបៀបផ្ទាល់ខ្លួន និងបានចាយប្រាក់មួយចំណែកលើការចាក់សាក់ផងដែរ។

សម្រង់សម្ដី

“ភាពជោគជ័យមិនសុទ្ធតែជាភាពអស្ចារ្យនោះទេ ប៉ុន្តែវានិយាយអំពីការខំប្រឹងប្រែង។ កាលណាមានការខិតខំប្រឹងប្រែង នោះនឹងទទួលបានជោគជ័យ ហើយភាពអស្ចារ្យនឹងមកជាក្រោយ”៕

ប្រែសម្រួល៖ សម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖  រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

ចុចអាន៖  មេរៀនជីវិតទាំង ៨ ដ៏មានតម្លៃក្នុងរឿង “Moana”