BREAKING NEWS
Search

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ​៖ ជា​គ្រូបង្វឹក ​គឺ​ត្រូវ​មាន​ទេពកោសល្យ​ក្នុង​ការ​បង្ហាត់​ មិនមែន​ចេះ​តែ​បង្ហាត់​ទាត់​ធាក់ ​វាយ​កែង​ ឬ​ជង្គង់​នោះ​ទេ

លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ថា ជា​គ្រូបង្វឹក​ គឺ​ត្រូវមាន​ទេពកោសល្យ​ក្នុង​ការ​បង្ហាត់ មិនមែន​ចេះតែ​បង្ហាត់ ​ទាត់​ ធាក់​ វាយ កែង​ ឬ​ជង្គង់​នោះ​ទេ​។​ ​លោក​ថែមទាំង​ជំរុញ​ឲ្យ​គ្រូបង្វឹក​ទាំងអស់​ ត្រូវ​ចេះ​សង្កេតមើល​សុខភាព​សិស្ស មិនមែន​ចេះតែ​បង្ហាត់​ទាត់​ធាក់​ វាយ ​កែង​ ឬ​ជង្គង់​នោះ​ទេ គឺ​ត្រូវ​ចេះ​ពិនិត្យមើល​សិស្ស​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ អំពី​បញ្ហា​ថែរក្សា​សុខភាព​អនាម័យ​ការពារ​កូ​វីដ-​១៩​ និង​បញ្ហា​គោរព​វិន័យ​បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ឧត្ដមសេនីយ៍​ឯក​ តែម ម៉ឺន អគ្គលេខាធិការ​រង ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មានប្រសាសន៍​បែបនេះ ខណៈ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បើក​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​បច្ចេកទេស​គ្រូបង្វឹក​កម្រិត​បឋម ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប ដើម្បី​ពង្រីក​ការ​យល់ដឹង​ខ្ពស់ លើ​ការងារ​ហ្វឹកហាត់​បច្ចេកទេស ​ក្បាច់គុន​ខ្មែរ ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កីឡា Sea Game ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០ នា​សាលប្រជុំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

ជាមួយនឹង​ការ​ក្រើនរំលឹក​ដល់​គ្រូបង្វឹក លោក​ប្រធាន​សហព័ន្ធ​ ក៏បាន​ព្រមាន​ចំពោះ​សិក្ខាកាម​ដែល​ជា​គ្រូបង្វឹក​ទាំងអស់ ត្រូវខិតខំ​សិក្សា ត្រូវ​ខំ​ឲ្យ​ចេះ​ធ្វើ​កម្មវិធី​បង្រៀន បង្វឹក​ហាត់ ឲ្យ​យល់ដឹង​ និង​ចេះ​ស្ទាត់ តែបើ​ប្រឡង​ធ្លាក់ ​គឺ​មិនបាន​វិញ្ញាបនបត្រ​ឲ្យ​ឡើយ។​ ​គណៈកម្មការ ​វគ្គ​ត្រូវការ​យកចិត្តទុកដាក់​បញ្ហា​ការ​ចេញ​វិញ្ញាបនបត្រ​នេះ បើ​ធ្លាក់​មិន​ចេញ​ឲ្យ​ទេ ព្រោះ​វា​ជា​ប្រការ​សំខាន់​សម្រាប់​គ្រូ​ម្នាក់ៗ វា​មិនមែន​សម្រាប់​តែ​ស៊ី​ហ្គេម​២០២១​ និង​២០២៣​ទេ ក៏​អាច​ក្លាយ​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ទៅ​អនាគត​ផងដែរ។ ​

លោក តែម ម៉ឺន​ បាន​មាន​ប្រសាសន៍​ទៀត​ថា សិក្ខាកាម​មិន​គោរព​វិន័យ​តាម​កម្មវិធីសិក្សា និង​ពុំ​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​នេះ​ឡើយ ដោយមាន​ជូន​ភ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង​ដល់​គ្រប់​សិក្ខាកាម​ទាំងអស់ ដើម្បី​បាន​ពិនិត្យ​និង​អនុវត្ត​។ វិញ្ញាបនបត្រ​នេះ​ មានតម្លៃ​សម្រាប់​គ្រូបង្វឹក​ទាំងអស់​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​តាម​កាលបរិច្ឆេទ នៃ​ការរៀបចំ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ត្រឹមត្រូវ និង​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​នេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

បើ​តាម​ លោក និ​ន ភារ​ម្យ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​ជា​គណៈកម្មការ​វគ្គ បាន​ប្រាប់​ដឹងថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បើក​វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រប់​បណ្តា​សមាគម និង​អាច​ទទួលយក​បានមក​ចូលរួម​វគ្គ​សិក្សា​នាពេលនេះ ក្រោម​ការគាំទ្រ​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានធ្វើការ​ជ្រើសរើស​គ្រូបង្វឹក ដែល​សុទ្ធសឹង​អ្នក​ដែលមាន សមត្ថ​ភាព​កម្រិតវប្បធម៌ ថ្នាក់​កម្រិត​មធ្យម​មក​ទទួលយក​ចំណេះដឹង​ផ្នែក​បច្ចេកទេស ​នៃ​ការ​បង្វឹក​ដល់​រួមមាន ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ក្រមសីលធម៌ ការងារ​ប្រយុទ្ធប្រឆាំង និង​ការប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡាប្រដាល់ ការងារ​កិច្ច​តែង​ការ សម្រាប់​គ្រូ​បង្វឹក វិធីសាស្ត្រ​បង្ហាត់​កម្លាំងកាយ ភាព​អំណត់ ភាព​ទន់ភ្លន់ និង​បង្រៀន​ការ​ធ្វើ​ផែនការ​ហ្វឹកហាត់ ការងារ​ថ្វាយបង្គំ​គ្រូ ក្បាច់​ប្រយុទ្ធ និង​ក្បាច់​ការពារ។

សូម​បញ្ជាក់​ថា សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ មាន​ចំនួន ២៦​នាក់ ដែល​ទទួល​ការ​បង្ហាត់​បង្រៀន ដោយ​គ្រូឧទ្ទេស​មកពី​អគ្គនាយកដ្ឋាន​កីឡា ដូចជា​ លោក ម៉ិ​ល កាដូ លោក អ៊ុក ឌី​រ៉ង់ ជា​អគ្គនាយករង​កីឡា ,​លោក ធម្ម អង្គា​រ៉ា លោក ទុយ ប៊ុន​ឈឿន លោក រាជ សូ​ផែន លោក មាស សុខ​គ្រី លោក អ៊ុន ខេមរិន្ទ និង ​លោក ឈិ​ត សារឹម ដែល​សុទ្ធ​សឹង​ជា​អ្នកមាន​បទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ៕
​អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ បញ្ចប់​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ដណ្តើម ពានរង្វាន់​សម្ដេច​ក្រឡា​ហោម​សខេង​លើក​ទី​៣ ឆ្នាំ​២០២០




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114