BREAKING NEWS
Search

គម្រោងរោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ កំពុងជួបភាពរាំងស្ទះ

ក្រោយបើកដំណើរការសាងសង់កាលពីពាក់កណ្ដាលឆ្នាំ ២០១៧ រោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ កំពុងជួបភាពរាំងស្ទះ ក្នុងស្ថានភាពពិភពលោកកំពុងយាយីដោយសារជំងឺកូវីដ ១៩។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលប្រាប់កម្ពុជាថ្មីកាលពីម្សិលមិញថា គម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងនេះ ជាការសហការគ្នារវាងក្រុមហ៊ុនក្នុងស្រុក Cambodian Petrochemical Company (CPC) និងក្រុមហ៊ុន​មាន​មូលដ្ឋាន​មក​ពី​ចិន។

លោកថា ការងារសាងសង់កំពុងរាំងស្ទះ ដោយសារស្ថានភាពកូវីដ ១៩ និងបញ្ហាផ្ទៃក្នុងនាំឲ្យគម្រោងត្រូវអូសបន្លាយពេលវេលា។

តាមផែនការ ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ដែល​ចាយ​ទុន ៦២០ លាន​ដុល្លារ គ្រោងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ តែវាដំណើរការយឺតជាងការរំពឹងទុក។

លោកជៀប សួរ បញ្ជាក់ថា ពេល​នេះ​មិន​ទាន់​អាច​កំណត់​បញ្ចប់​នៅ​ពេល​ណា​ទេ ដោយ​ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញឲ្យការងារ​ អាចដំណើរការទៅមុខតាមផែនការ។

ទោះបីការសាងសង់មានភាពយឺតយ៉ាវ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានមួយចំនួន រួមទាំងបាននាំចូលសម្ភារ និងគ្រឿងម៉ាស៊ីនសម្រាប់ដំឡើងផងដែរ។

រោងចក្រចម្រាញ់ប្រេងនេះ​ មានសមត្ថភាពអាចចម្រាញ់ប្រេងឆៅបាន ៣ លានតោនក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលទីមួយ ដែលនឹងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។ បច្ចុប្បន្ន កម្ពុជានាំចូលប្រេង និងឧស្ម័នឥន្ធនៈពីបរទេស ១០០% ដើម្បីលក់ និង ចែកចាយទូទាំងប្រទេស។

បើតាមលោកជៀប សួរ តម្រូវការប្រើប្រាស់ថាមពលក្នុងប្រទេសកម្ពុជា មានប្រហែល ២,៥ លានតោនក្នុងមួយឆ្នាំ ហើយបន្តកើនឡើងជាបន្តបន្ទាប់។

លោកជៀប សួរ បានលើកឡើងថា នៅពេលកម្ពុជាមានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង នឹងជួយបង្កើតសន្តិសុខថាមពល និងរក្សាតម្លៃប្រកួតប្រជែងលើទីផ្សារ។

អត្ថបទ៖ ដីក្រហម