BREAKING NEWS
Search

មន្ត្រី​រំពឹង​ថា​ ​សេដ្ឋកិច្ច​​កម្ពុជា​ ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ នៅ​ពេល FTA ចូលជាធរមាន

ភ្នំពេញ ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (FTA) ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ខណៈ​ទំនិញ​ជា​ច្រើនមុខ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ឋ​។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​​ នាថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២០ ស្ដីពី «លទ្ធផល​បញ្ចប់​នៃ​កិច្ច​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន FTA»ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ កម្ពុជា​បានរៀបចំបញ្ជីមុខទំនិញជាង១ម៉ឺនមុខ ដែល​រួម​មាន​ផលិតផល​កសិកម្ម ត្រី សាច់ និង​ផលិតផល​ជា​ច្រើន​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​បាន​ថ្លែង​ទៀត​ថា ទំនិញកម្ពុជាជាង៣០០មុខ ស្មើ៩៥% ត្រូវ​បាន​រួច​ពន្ឋ​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន។ យ៉ាងណាក៏ដោយ លោក​បាន​លើកឡើង​ថា ដើម្បី​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន លុះ​ត្រា​តែ​ការ​ផលិត​ធ្វើ​ស្របតាម​វិធាន ​ភូតគាម​អនាម័យ។

នា​ពេល​ថ្មីៗ​នេះ អ្នក​ឧកញ៉ា​ គិត ម៉េង    ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ នឹង​មាន​ភាព​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ ​នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA) សម្រេច​បានជា​ផ្លូវការ ​ដោយ​លោក​អះអាង​ថា ចំនួន​រោងចក្រ​ថ្មី​នឹង​កើន​ឡើង​ជា​បន្តបន្ទាប់​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន( FTA )បាន​កើត​ឡើង​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។ សម្ដេច​ធ្លាប់​មាន​ប្រសាសន៍​ថា​ ​​ចង់​ឲ្យ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កើន​កាន់តែ​ច្រើន​ជាមួយ​ដៃគូ​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ដៃគូ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឲ្យ​កាន់តែ​ច្រើន​។​

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កម្ពុជា-ចិន ​​នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA)​ នា​ពេល​ខាងមុខ ៕

ចុចអាន ៖ គម្រោងរោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ កំពុងជួបភាពរាំងស្ទះ