BREAKING NEWS
Search

ការសិក្សា៖​ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមានបានអស់មួយជីវិត

ទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗអាចជះឥទ្ធិពលជោគជ័យឬបរាជ័យបាន។

លោក Thomas C. Corley ជាគណនេយ្យករសាធារណៈនិងជាអ្នករៀបចំផែនការហិរញ្ញវត្ថ បានចំណាយពេល ៥ ឆ្នាំដើម្បីសិក្សាពីទម្លាប់មហាសេដ្ឋី រួចបានចងក្រងសៀវភៅដែលមានចំណងជើងថា “ផ្លាស់ប្តូរទម្លាប់ ផ្លាស់ប្តូរជីវិតរបស់អ្នក” ឬ Change Your Habits, Change Your Life.” ។

លោកបានសម្ភាសន៍មនុស្ស ២៣៣ នាក់ដែលមានប្រាក់ចំណូលសរុបប្រចាំឆ្នាំយ៉ាងតិច ១៦ ម៉ឺនដុល្លារ និងកំពុងមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,២ លានដុល្លារ ហើយក្នុងនោះ ១៧៧ នាក់ជាអ្នករកស៊ីដោយខ្លួនឯង។ លោកក៏បានសម្ភាសន៍ជាមួយជនជាតិអាមេរិកចំនួន ១២៨ នាក់ដែលមានប្រាក់ ៣៥ ពាន់ដុល្លារ ឬមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ៥ ពាន់ដុល្លារផងដែរ។

តាមរយៈការសិក្សានិងការវិភាគបន្ថែមទៀត Thomas C. Corley អាចកំណត់ទម្លាប់ពីរប្រភេទរបស់មនុស្សគឺ ទម្លាប់ដែលជួយមនុស្សកសាងទ្រព្យ និងទម្លាប់ដែលបំផ្លាញទ្រព្យ ។ រីឯជាទម្លាប់ ៧ យ៉ាងខាងក្រោមនេះ ជាទម្លាប់ដែលនឹងមិននាំឱ្យមានទ្រព្យសម្បត្តិនោះទេ៖

១.​ ចំណាយហួសកំរិត

គ្មាននរណាអាចក្លាយជាអ្នកមានដោយសារតែការចាយលុយជ្រុលហួសហេតុនោះទេ។ ការចំណាយច្រើនជាងអ្វីដែលរកបានធ្វើឲ្យមនុស្សកាន់តែក្រទៅៗ និងអាចក្លាយជាអ្នកមានដែរ តែព្រោះមានបំណុលរុំខ្លួន។

លោក Corley បានសរសេរថា “ប្រជាជនក្រីក្រ ៩៥% មិនបានសន្សំប្រាក់ ហើយថែមទាំងជំពាក់បំណុលគេ ដើម្បីផ្គត់ផ្គង់កំរិតជីវភាពរបស់ខ្លួនទៀត” ។ លោកថា ទ្រព្យសម្បត្តិរមែងកើតចេញពីការសន្សំ និងការវិនិយោគទៅតាមទំហំប្រាក់ខែដែលទទួលបាន ដាច់ខាតវាមិនមែនចាយធំជាងចូលនោះទេ។

២. មិនទម្លាប់អានសៀវភៅ

នៅក្នុងការសិក្សារបស់  Corley បានឲ្យដឹងថា មនុស្ស ៩២% ដែលមានទ្រព្យសម្បត្តិតិចតួច សុទ្ធតែមិនបានអានសៀវភៅដើម្បីរៀនបន្ថែមទេ។ លោកសរសេរថា “ជោគជ័យទាមទារឲ្យមានការលូតលាស់នូវចំណេះដឹងមិនឈប់ រីឯការរីកចម្រើនតែងតែបានមកពីការអានសៀវភៅ និងការអប់រំខ្លួនអ្នករាល់ថ្ងៃ”។

៣. មានទំនាក់ទំនងជាមួយមនុស្សមិនល្អ

ពាក្យចាស់ពោលថា “សេពគប់បណ្ឌិតក្លាយជាអ្នកប្រាជ្ញ សេពគប់ពាលក្លាយជាចោរ” គឺចង់សំដៅដល់ការរាប់អានមនុស្សល្អនឹងបានជួបរឿងល្អ រីឯរាប់អានមនុស្សមិនល្អនឹងបានរឿងអាក្រក់។

ដូចគ្នាដែរ តាមការសិក្សាបានរកឃើញថា មានប្រជាជនតែ ៤% ប៉ុណ្ណោះដែលស្ថិតក្នុងលំដាប់ប្រាក់ចំណូលទាបបានផ្សារភ្ជាប់ជីវិតរបស់ខ្លួនជាមួយនឹងមនុស្សដែលមាន ភាពជោគជ័យ។

លោកសរសេរថា “អ្នកនឹងទទួលជោគជ័យក្នុងជីវិត ប្រសិនបើនៅជុំវិញខ្លួនសុទ្ធតែជាមនុស្សប្រភេទដែលត្រឹមត្រូវ” ។

៤. ប្រភពចំណូលតែមួយ

មនុស្សភាគច្រើនពឹងផ្អែកលើការងារតែមួយដើម្បីរកលុយ ប៉ុន្តែនោះមិនមែនជារបៀបដែលមហាសេដ្ឋីតែងតែធ្វើនោះទេ។

៦៥% នៃអ្នកមាននៅក្នុងការសិក្សារបស់ Corley យ៉ាងហោចណាស់មានចរន្តចំណូលបីផ្សេងគ្នា មុនពេលពួកគេអាចរកលុយបាន ១ លានដុល្លារជាលើលកដំបូង។

Corley សរសេរថា “អ្នកក្រមានចំណូលតែមួយ វាប្រៀបដូចជាស៊ុតដែលនៅក្នុងសម្បុកតែមួយដែរ”។

៥. គិតអវិជ្ជមានលើខ្លួនឯង

Corley បានសរសេរឃ្លាមួយថា “ខ្ញុំមិនឆ្លាតឬទទួលបានការអប់រំគ្រប់គ្រាន់ទេ តែវាក៏មិនមែនជាកំហុសរបស់ខ្ញុំដែរ ព្រោះជីវិតគឺជាការតស៊ូ”។

លោកបានសរសេរពន្យល់ថា “ នៅពេលមនុស្សអនុញ្ញាតឱ្យភាពអវិជ្ជមានគ្រប់គ្រងគំនិត នោះប្រៀបបាននឹងបង្រៀនខួរក្បាលឱ្យទទួលបរាជ័យដូច្នោះដែរ” ។ គំនិតអវិជ្ជមានទាំងនោះ នឹងរារាំងឱកាសក្នុងជីវិតដើម្បីបំបែរចេញពីស្ថានភាពហិរញ្ញវត្ថុឬជីវិតបច្ចុប្បន្នរបស់ខ្លួន”។

៦. គ្មានផែនការច្បាស់លាស់

រស់នៅដោយគ្មានផែនការជីវិត ប្រៀបបាននឹងអុំទូកកណ្ដាលសមុទ្រដែលមិនដឹងថាខ្លួនឯងចង់ទៅកោះ ឬទៅឆ្នេរអ៊ីចឹងដែរ។

រស់ជាមនុស្សត្រូវមានការស្រមើស្រមៃនិងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធ្វើផែនការសម្រាប់អនាគតថា ១០ ឬ ១៥ ឆ្នាំទៅមុខទៀតខ្លួនចង់បានអ្វី ឬចង់សម្រេចអ្វី នោះទើបរស់នៅមានន័យ។

ការសិក្សារបស់ Corley សរសេរថា “ ជនក្រីក្រ ៩៥% មិនមានផែនការជីវិតទេ ដោយពួកគេរស់នៅមួយថ្ងៃដើម្បីតែមួយថ្ងៃ និងរស់នៅគ្មានឆន្ទៈរីកចម្រើន”។

៧. គ្មានរបៀបរស់នៅល្អ

ទម្លាប់នៃការរស់នៅមិនល្អដូចជា ការផឹកស៊ីច្រើនហួសប្រមាណ ការញ៉ាំអាហារមិនល្អ និងការធ្វើលំហាត់ប្រាណតិចពេកឬមិនធ្វើសោះ ជាទម្លាប់មិនបង្កើនទ្រព្យសម្បត្តិឡើយ។

Corley សរសេរថា “ទម្លាប់សុខភាពមិនល្អ បង្កើតឱ្យមានរឿងអាក្រក់ក្នុងជីវិត” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖  គិតវិជ្ជមាន ក្លាយជាមនុស្សថ្មី​វិជ្ជមាន​ ជាមួយ​៨ចំណុចនេះ

ចុចអាន៖  ហេតុផល ៧ យ៉ាង​ដែល​យើង​មិន​ទាន់​អាច​ក្លាយ​ជា​សេដ្ឋី​បាន