BREAKING NEWS
Search

ព្រៃវែង គ្រង​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្រោយ​យកឈ្នះ ត្បូងឃ្មុំ យ៉ាង​ស្វិតស្វាញ ១-០

​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ ឆ្នាំ ២០២០ (Hun Sen Cup 2020) ដែល​រៀបចំឡើង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ថ្នាក់​ខេត្ត បាន​រក​ឃើញ​ក្រុម​ជើងឯក​ជា​ផ្លូវការ​ហើយ​បន្ទាប់ពី​ចំណាយ​ពេល​ប្រកួត​ជាង ៥​ខែ។

​ចំពោះ​ជើងឯក ​គឺ​បាន​ទៅលើ ក្រុមបាល់ទាត់​ខេត្ត​ព្រៃវែង បន្ទាប់ពី​បាន​យកឈ្នះ ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល ១​ទល់នឹង​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​បាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​ ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ ក្រុម​ទាំងពីរ​ហាក់​មានការ​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក ជាពិសេស​ជាមួយ​ឱកាស​ជាច្រើនលើក​ច្រើន​សារ ប៉ុន្តែ​ត្រឹម​វគ្គ​ទី​១ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើគ្នា ០​ទល់នឹង​០ និង​ឈាន​ចូល​ដល់​វគ្គ​ទី​២ ទើប​គ្រាប់​បាល់​កើតមានឡើង ដោយ​ធ្វើ​បាន​ដោយ​កីឡាករ វុ​ធ តុលា របស់​ខេត្ត​ព្រៃវែង ខណៈ​នាទី​ដែល​នៅ​សេសសល់ ត្បូងឃ្មុំ ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​ផង​ដែរ ប៉ុន្តែ​នៅតែ​មិន​អាច​ធ្វើ​បាន​សម្រេច រហូតដល់​ឈាន​បញ្ចប់​លទ្ធផល​ជា​ផ្លូវការ ព្រៃវែង យកឈ្នះ ត្បូងឃ្មុំ ១​ទល់នឹង​០ គ្រង​ដំណែង​ជើងឯក​ជា​លើកដំបូង​។ ដោយឡែក​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ សម្រាប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ គឺ​បាន​ទៅលើ​ខេត្ត​កែប បន្ទាប់ពី​បាន​យកឈ្នះ ខេត្ត​សៀមរាប ដោយ​លទ្ធផល ០​ទល់នឹង​៣ នៅ​ទីលាន​តែមួយ​។

​យ៉ាងណាមិញ តាម​គម្រោង​ដែល​បាន​រៀប​ចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ៤​ក្រុម ដដែល​ខាងលើ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ថ្នាក់​ជាតិ ជាមួយ​ក្រុម​ចំនួន ១២​ផ្សេងទៀត ដែល​អង្គុយ​រង់ចាំ​រួចជាស្រេច ដែលជា​សមាជិក នៃ​លី​គ​កំពូល​កម្ពុជា ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ហើយ​គ្រោង​នឹង​ចាប់ឆ្នោត​ផ្គូផ្គង​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ខាងមុខនេះ​ផង​ដែរ​៕