BREAKING NEWS
Search

ម្ចាស់​ចម្ការ​ក្រូច​វល្លិ ទុរេន និង​ផ្លែ​ប៊ឺ ក្នុង​ក្រុង​សែន​មនោ​រម្យ ​​១​ឆ្នាំ ​អាច​រក​ចំណូល​បាន​ពី​១ម៉ឺន ទៅ​ជិត​២ម៉ឺន​ដុល្លារ

មណ្ឌលគិរី ៖ បងស្រី ប្រាក់ សា​វី ម្ចាស់​ចម្ការ​ក្រូច​វល្លិ ទុរេន និង​ផ្លែប៊ឺ នៅ​ក្រុង​សែន​មនោ​រម្យ បាន​ប្រាប់​ថា បច្ចុប្បន្ន​ដំណាំ​ឈើ​ហូប​ផ្លែ​ទាំងនេះ ទទួល​បាន​ផល​ល្អ និង​កំពុង​ពេញ​និយម​លើ​ទីផ្សារ ពិសេស​ផ្លែ​ប៊ឺ សម្រាប់​ភ្ញៀវ​អញ្ជើញ​មកពី​ភ្នំពេញ និង​បញ្ជា​ទិញ​យក​ទៅ​ភ្នំពេញ ដែល​អាច​រកចំណូល​បាន​ពី ​១០ ០០០ ​ទៅ​ ១៥ ០០០​ដុល្លារ ក្នុង​១​ឆ្នាំ​។

បងស្រី​បញ្ជាក់​ថា ជា​មធ្យម​បងស្រី​អាច​រក​ចំណូល​បាន​ពី ​១០ ០០០ – ១៥ ០០០ ​ដុល្លារ​ ក្នុង​១​ឆ្នាំ លើ​ផ្ទៃដី​៧​ហិកតា។ ដោយសារ​ចំណូល​ទាំង​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​កូន​បងស្រី​​ ​មួយ​ចប់​បរិញ្ញា​បត្រ​ច្បាប់ និង​មួយទៀត​សញ្ញាបត្រ​វេជ្ជបណ្ឌិត ហើយ​មួយទៀត​នោះ កំពុង​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២០​នេះ។

ក្នុង​ការ​ចុះ​ពិនិត្យ​មើ​ល​ចម្ការ​ក្រូច​វល្លិ ទុរេន និង​ផ្លែ​ប៊ឺ របស់​បងស្រី ​ប្រាក់ សា​វី ឃើញ​ផលានុផល​ក្នុង​ចម្ការ​ដុះ​លូតលាស់​ឲ្យ​ផល​បាន​ល្អ​ប្រសើរ។ ជា​មួយ​គ្នានោះ​ដែរ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អត់​សរសើរ​មិនបាន​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​មើលថែ​ទាំ​ដំណាំ​បាន​ទទួល​ផល​យ៉ាង​ល្អ និង​ចំណូល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ កូនៗ​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ គ្រួសារ​ជួបជុំ មាន​សុភមង្គល​។

កត្តា​វិជ្ជមាន​ទាំងអស់​នេះ​ហើយ ​គឺជា​បំណង​ប្រាថ្នា​របស់​រាជរដ្ឋាភិបាល​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​បណ្តាល​មកពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​វិស័យ​មួយ​ចំនួន​កំពុង​អសកម្ម​។​

ក្នុង​នោះ​ផង​ដែរ ​លោក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ឲ្យ​បងស្រី​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្ដែង ​ធ្វើយ៉ាងណា​ធានា​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ផលិតផល​ផ្លែឈើ​ក្នុង​ចំការ​របស់​បងស្រី​ដែល​កំពុង​មាន​សក្ដានុពល​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។

លោក​មន្ត្រី​ បាន​ជូន​ថវិកា​១០០​ដុល្លារ ហើយ​ថា​ប្រាក់រង្វាន់​លើកទឹកចិត្ត ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ពេល​ឃើញ​បងស្រី​ខិតខំ​បង្កបង្កើនផល​ផង និង​អប់រំ ទូន្មាន​ប្រៀនប្រដៅ ណែនាំ​កូនៗ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ដែល​ពួកគេ​គឺជា​ធនធានមនុស្ស​មាន​សមត្ថភាព ចេញពី​គ្រួសារ​កសិករ​ដាំ​ដំណាំ​ជា​របរ​ស្នូល​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ អ្នកលក់​រទេះគោ ​កំពុង​ត្រូវប៉ាន់ ​ខណៈ​ប្រជាពលរដ្ឋ​ទិញ​ទៅ​ដាក់​លំអ​នៅ​តាម​សួន​ និង​បុរី​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114